(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ប្រទេសកម្ពុជា បានបញ្ជាក់ជំហរម្តងទៀតដោយនឹងគាំទ្រប្រទេសទីម័រលេស្ត ឱ្យក្លាយជាសមាជិកទី១១ របស់អាស៊ាន ឆាប់ៗនេះ ហើយឥណ្ឌូនេស៊ីក៏បានបញ្ជាក់ផងដែរថា ខ្លួនក៏នឹងគាំទ្រដូចគ្នា។

ការជំហរនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ នៅឯវិមានសន្តិភាព។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរអំពីគោលជំហរកម្ពុជា ក្នុងការគាំទ្រដល់ប្រទេសទីម័រលេស្ត ដែលជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនទាន់ក្លាយជាសមាជិកអាស៊ានពេញលេញនៅឡើយ។ សម្តេចក៏បានគូសបញ្ជាក់ថា កម្ពុជាក៏បានគាំទ្រទីម័រលេស្តឱ្យចូលជាសមាជិកអាស៊ានឱ្យបានឆាប់ក្នុងពេលខាងមុខនេះ។

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានលើកឡើងថា ឥណ្ឌូនេស៊ីគាំទ្រឱ្យប្រទេសទីម័រលេស្តបានចូលជាសមាជិកអាស៊ាន ហើយឥណ្ឌូនេស៊ីបានគាំទ្រតាំងពីដំបូងមកម្ល៉េះ ហើយក៏បានចូលរួមចំណែកក្នុងការកសាងសមាសភាពមន្ត្រី ប្រទេសទីម័រលេស្តផងដែរ។

អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលដំបូងឡើយមានប្រទេសចំនួន៥ គឺម៉ាឡេស៉ី ឥណ្ឌូនេស៉ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ក្រោយឆ្នាំ១៩៨៤ ទើបប្រទេស៥ទៀតក្នុងតំបន់ ចូលជាបន្តបន្ទាប់ទៀត រួមមាន៖ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ចូលថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៩៩៕