(ព្រះសីហនុ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានជាសេនាធិការ គ្រោងបង្កើតទីតាំងចាក់សំរាមដែលមានស្តង់ដា ប្រមាណ៥ ឬ៦ទីតាំង នៅតាមបណ្ដាខេត្តមួយចំនួនបន្ថមទៀត ក្នុងឆ្នាំ២០២២ខាងមុខ ស្របពេលទីតាំងចាក់សំរាមមានស្តង់ដា ត្រូវបានដាក់ឱ្យដំណើរការរួចនៅខេត្តព្រះសីហនុ។

ខណៈទីលានស្របតានស្តងដា ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ឱ្យប្រើរណ្តៅចាក់សំរាមថ្មីមួយកន្លែង ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយចុះពីផ្លូវជាតិលេខ៤ ប្រមាណ៣គីឡូម៉ែត្រ បន្ទាប់ពីសាងសង់រួចរាល់នូវរណ្តៅក្នុងដំណាក់កាលទី១ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។ ខណៈទីលានចាក់សំរាមលំដាប់ស្តង់ដារលើកដំបូង ចំណាយថវិកាសាងសង់ក្នុងគម្រោងថវិកាជាតិជាង ៥លានដុល្លារ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្នុងពេលទស្សនកិច្ចនៅទីតាំងចាក់សំរាម ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា៖ «ទីលានកន្លែងនេះ (នៅខេត្តព្រះសីហនុ) ជាទីលានតាមលក្ខណៈស្តង់ដាត្រឹមត្រូវ ហើយទីលាននេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅដើមខែវិច្ឆិកាកន្លងមក។ ទីលាននេះក៏ជាគម្រោងរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើតទីលានចាក់សំរាម ដែលមានស្តង់ដារបៀបនេះ តាមបណ្តា ខេត្តមួយចំនួនទៀត ហើយរំពឹងថានៅដើមឆ្នាំ២០២២ ខាងមុខ យើងនឹងមានទីលានចាក់សំរាមបែបស្តង់ដាបែបនេះប្រមាណ៥ ឬ៦កន្លែងទៀត»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា ចំពោះគម្រោងដែលរាជរដ្ឋាភិបាលគ្រោងបង្កើតទីលាន់ចាក់សំរាមបែបស្តង់ដានេះមានដូចជា៖ ខេត្តកែប មានទីលានរួចហើយ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបងជាដើម។ ជាមួយគ្នានេះ ក្រសួងបរិស្ថាននឹងធ្វើការជាមួយដៃគូបន្ថែមទៀត ដូចជាសៀមរាប ខេត្តជាប់ព្រំដែនរួមមានទីក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង គោលដៅរបស់ក្រសួងបរិស្ថាននឹងគ្រប់គ្រងសំរាមឱ្យបានល្អដែលជាផ្នែកមួយនៃគោលនយោបាយជាតិ ក្នុងការគ្រប់គ្រងសំណល់រឹងសំរាម ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

លោក នេត្រ ភក្ត្រា បានបន្ថែមថា គោលដៅរបស់ក្រសួងបរិស្ថាន គឺធ្វើការគ្រប់គ្រងកាកសំណល់រឹងសំរាមឱ្យបានល្អដែលជាផ្នែកមួយ នៃគោលនយោបាយជាតិដែលរាជរដ្ឋាភិបាលបានដាក់អនុវត្តហើយ អ្វីដែលសំខាន់ គឺការផ្សព្វផ្សាយក៏ដូចជា ការផ្តល់ផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា៖ «ក្នុងមួយថ្ងៃសំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺនតោនហើយ ក្នុងមួយឆ្នាំសំណល់សំរាមមានប៉ុន្មាន ៤លានតោន។ ដោយឡែកនៅក្នុងខេត្ត ព្រះសីហនុ គឺមានសំរាមចន្លោះពី ៣៥០ ដល់៤០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃ។ តាមការសិក្សាក្នុងចំណោមសំរាមទាំងនេះ គឺមាន៦៥ភាគរយ ជាសំរាមសំណល់សរីរាង្គ, ២០ភាគរយ ជាសំណល់ប្លាស្ទិក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង»

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការកែច្នៃ និងការដកហូតញែកសំរាម ទៅតាមប្រភេទរបស់វា។ បច្ចុប្បន្ននេះ តាមគោលការណ៍របស់ក្រសួង គឺតម្រូវឱ្យប្រជាពលរដ្ឋធ្វើការញែកសំរាម ដើម្បីកាត់បន្ថយសំណល់សំរាមយកមកចាក់នៅលើទីលានដែលធ្វើឱ្យជួយកាត់បន្ថយចំនួនតិច ហើយវានឹងជួយឱ្យទីលានចាក់សំរាមប្រើបានយូរផង។

រដ្ឋលេខាធិការបានរំលេចយ៉ាងដូច្នេះថា៖ «ទីតាំងចាក់សំរាមនៅព្រះសីហនុ មានចំនួន ៤រណ្ដៅ លើទំហំដី ៥ហិកតា ដោយគម្រោងចាក់សំរាមក្នុងរយៈពេល៥ឆ្នាំ ប៉ុន្តែ វាក៏អាចប្រែប្រួលផងដែរ អាស្រ័យលើកំណើននៃសំរាម»

លោកបានបន្ថែមថាបច្ចុប្បន្ន សំរាមប្រមាណ ១០ភាគរយ បានយកទៅធ្វើការកែច្នៃ ហើយក្រៅពីនោះ បានយកទៅចាក់នៅទីលាន។ ប៉ុន្តែ នៅតាមបណ្តាប្រទេសផ្សេងទៀត ប្រជាពលរដ្ឋដែលយល់ដឹងពីការញែកសំរាម គឺសំរាមដែលគេយកទៅចាក់ចោលនៅទីតាំងចាក់សំរាម មានចំនួនតិចតួច ហើយប្រទេសខ្លះសឹងថាអត់មានសំរាមថែមទៀត។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «នេះ គឺជាទីលានចាក់សំរាមលើកដំបូងនៅកម្ពុជា ដែលបង្កើតឡើងមានលក្ខណៈស្តង់ដារត្រូវត្រឹមតាមបច្ចេកទេស ខណៈនៅក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាល គ្រោងបង្កើតឱ្យមាននៅតាមបណ្តាខេត្តទៀតដូចជាខេត្តកែប កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀងជាដើម»

ជុំវិញករណីនេះដែរ រដ្ឋលេខាធិការបានបន្ថែមថា ក្នុងមួយឆ្នាំសំរាមមានការកើនឡើងប្រមាណជាង ១០ភាគរយទាំងនេះ ដោយសារកំណើនសេដ្ឋកិច្ច និងការប្រើប្រាស់ច្រើន និងកំណើនប្រជាពលរដ្ឋផងដែរ។ ក្នុងករណីដែលមិនអាចគ្រប់គ្រងសំណល់រឹងបាននោះទេ សំរាមនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពសោភ័ណភាពបរិស្ថាន។

អ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមនេះដោយសារខេត្តនេះជាខេត្តពហុបំណងលើគ្របើវិស័យមានវិស័យឧស្សាហកម្ម កំពង់ផែ ព្រលានយន្តហោះ ទេសចរណ៍ជាដើម។ល។

ដោយឡែកបើតាមលោក ហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានគ្រប់គ្រងសំរាមទីប្រជុំជននៅខេត្តព្រះសីហនុ បានលើកឡើងថាទីលានចាក់សំរាមអូរតាសេក ក្នុងខេត្តព្រះសីហនុ ក្នុងមួយថ្ងៃសំរាមដែលប្រើប្រាស់ចោលមានចំនួន ២៥០តោន ហើយសំរាមទាំងនេះ គឺមិនមែនមកតែពីក្រុងព្រះសីហនុនោះទេ វាក៏មកពីស្រុកព្រៃនប់ ដែលអនុវត្តប្រតិបត្តិករចំនួន២ក្រុមហ៊ុន។

លោក ហុក សុកាន់ដារ៉ូ បានឱ្យដឹងថា ទីលានចាក់សំរាមនេះ មានផ្ទៃដីសរុបជាង៥០ហិកតា ប៉ុន្តែសម្រាប់ជំហានទី១នេះ ធ្វើនៅលើផ្ទៃដីចំនួន១៧ហិកតាសិន។ លោកបានឱ្យដឹងថា សំរាមដែលយកទៅទុកដាក់នៅទីតាំងថ្មីនេះ គឺប្រមូលពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដោយមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមចំនួន២ បន្ទាប់រណ្តៅនៅទីតាំងចាស់មុនៗពេញអស់ទៅហើយ។

លោកបានបន្តថា សម្រាប់នៅទីលានចាក់សំរាម ក្នុងខេត្តព្រះសីហនុនេះ ក្រៅពីកន្លែងទុកដាក់សំរាមប្រកបដោយស្តង់ដាហើយគេនៅធ្វើការបែងចែកត្រឹមត្រូវដោយក្នុងនេះ ប្រភេទសំរាមនីមួយៗ គេអាចយកទៅកែច្នៃប្រើប្រាស់តាមប្រភេទរបស់វានីមួយៗថែមទៀត៕

បើតាមយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ស្ថិតក្នុងគម្រោងសាងសង់លើផ្ទៃដីទំហំ៥១ហិកតា ក្នុងក្របខណ្ឌបន្ទុកចំណាយថវិកាជាតិ សរុបជាង៥,៣១លានដុល្លារអាមេរិក។

ក្នុងរយៈពេល៥ឆ្នាំដំបូង ត្រូវបានជីករណ្តៅដីចំនួន៤ ដោយក្នុងរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ ព្រមទាំងមានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុល៕