(រតនគិរី)៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចុះពិនិត្យមើលវឌ្ឍនភាពការស្ថាបនាផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាប់ពីចំណុចផ្លូវបែកជា៤ កែងការ៉ាស់សាំងតូតាល់រហូតដល់ទួលបឹងកំសាន្ត ក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា ផ្លូវជាតិលេខ៧៨-៥ ដែលក្រុមការងារមន្ទីរស្ថាបនានេះជាគម្រោងរបស់ក្រសួងសាធារណការជាប្រភេទ DBST មានប្រវែង ១.៦៥០ម៉ែត្រ និងទទឹង១៤ម៉ែត្រ ដោយមានការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ក្រុមការងាររបស់មន្ទីរ បានពន្លឿនការស្ថាបនាធានាគុណភាពបំពាក់ បរិក្ខាគំនូសផ្លូវឲ្យបានរហ័សទាន់ពេលវេលា។

លោក សាយ សាមាន បានបន្តថា ក្រុមការងារគ្រោងនឹងបញ្ចប់ការដ្ឋានខាងលើនេះឲ្យរួចរាល់ជាស្ថាពរនៅខែធ្នូ ចុងឆ្នាំ២០២១ ហើយផ្លូវជាតិលេខ៧៨-៥ តភ្ជាប់រហូតដល់តំបន់កន្ទុយនាគដែលមានប្រវែង១៩១គីឡូម៉ែត្រ។

ក្នុងឱកាសខាងលើនេះលោក ញ៉ែម សំអឿន បានថ្លែងថា បន្ទាប់ពីស្ថាបនាកំណាត់ផ្លូវជាតិលេខ៧៨-៥រួចរាល់នោះ លោកនឹងជំរុញឲ្យក្រុមការងារស្ថាបនាផ្លូវជាច្រើនខ្សែទៀតដោយតភ្ជាប់ពីផ្លូវជាតិលេខ៧៨-៥ ទៅស្រុកអូរជុំ, ស្រុកតាវែង, ស្រុកវ៉ឺនសៃ។

នៅក្នុងឱកាសនោះផ្លូវប្រភេទ DBST តភ្ជាប់ពីរង្វង់មូលយក្សឡោមដល់មាត់បឹងយក្សឡោម, ប្រភេទ AC ចាប់ពីផ្សារបានលុង រហូតដល់ផ្លូវព្រឹទ្ធាចារ្យប៊ូ ថង និងចាក់បេតុងផ្លូវព័ទ្ធជុំវិញផ្សារបានលុង ផ្លូវជុំវិញបឹងកន្សែង ឲ្យបានរួចរាល់មុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដើម្បីបង្កើនសោភ័ណ្ឌភាពទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តភូមិភាគឦសាន្ត នៃខេត្តរតនគិរី ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរសេដ្ឋកិច្ចឡើងវិញ៕