(ស្វាយរៀង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រារព្ធ និងអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល» និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា។

ការរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២២៥នាក់ មកពីស្រុកស្វាយជ្រំ ស្រុកស្វាយទាប ស្រុករំដួល និងក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា, លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត។

លោក ស៊ូ សាវ៉ុន ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ នឹងជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានថ្លែងអំណរគុណរាជរដ្ឋាភិបាល អង្គការនានា ពិសេសកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់អ្នករស់នៅ ជាមួយមេរោគអេដស៍ ជម្ងឺអេដស៍ និងកុមារកំព្រា ដែលរងគ្រោះដោយសារមេរោគអេដស៍ និងជម្ងឺអេដស៍ ធ្វើឲ្យពួកយើងខ្ញុំជាគ្រួសាររងគ្រោះមានជីវភាពប្រសើរ បានចូលសាលារៀន បានទទួលមុខរបរខ្នាតតូចកាត់បន្ថយការរើសអើង ដល់អ្នកផ្ទុក និងអ្នកជម្ងឺអេដស៍ និងធ្វើឲ្យពួកយើងខ្ញុំមានក្តីសង្ឃឹមក្នុងការរស់នៅតទៅទៀត។

បើបាយការណ៍សង្ខេបរបស់លោកណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ស្តីពីចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ នៅទូទាំងខេត្តខេត្តមានចំនួន ១,៤២០នាក់ ក្នុងនោះទទួលឱសថប្រឆាំងមេរោគអេដស៍ចំនួន ១,៤២០នាក់ ត្រូវជា១០០% អ្នកជំងឺអេដស៍ មានផ្ទុកមេរោគទាបចំនួន ១,៣៩២នាក់ លះបង់សេវាចំនួន ១៥នាក់ ស្លាប់២០នាក់ ក្រុមថែទាំអ្នកជំងឺអេដស៍ មាន២ក្រុមរបស់បណ្តាញអ្នកផ្ទុកមេរោគអេដស៍ CPN+ គ្រប់គ្រងអ្នកជំងឺអេដស៍បានចំនួន ១,៤២០នាក់ ត្រូវជា ៧៣១គ្រួសារ ក្នុងនោះមានប័ណ្ណសមធម៌ ២៤៩គ្រួសារ។

ជាមួយគ្នានេះ លោក ម៉ែន វិបុល បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាព ពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការ គាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើង។

នាឱកាសនោះលោកស្រី ដួង វណ្ណា មានប្រសាសន៍សំណេះសំណាលថាជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអនុវត្ត ឆ្លើយតប ទៅនឹងសកម្មភាពកិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានការយកចិត្ត ទុកដាក់ខ្ពស់ សម្រួលដល់ការលំបាករបស់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមភូមិឃុំក្នុងខេត្ត។

លោកស្រីបានជម្រាបដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអេដស៍បន្ថែមទៀតថា នៅក្នុងពិធីទិវាពិភលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ កន្លងផុតទៅ សាខាបានរៀបចំពិធី និងសំណេះសំណាល ចែកអំណោយដោយមានការចូលរួមពី លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតី ប៉ុន្តែដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ចាប់ផ្តើមឡើងវិញបន្តិចម្តងៗ ត្រូវផ្អាកប្រារព្ធពិធីនៅទីនេះ ដោយលើកយកពេលវេលា និងនាំយកអំណោយទៅចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអេដស៍នៅតាមបណ្តាក្រុងស្រុកតែម្តង។

អំណោយដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ចំនួន ២២៥គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) ម៉ាស់ ៥ បន្ទះ ជែល ១ ដប ថវិកា ៥០,០០០ រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភបន្ថែមក្នុង ១ គ្រួសារ ថវិកា ២០,០០០ រៀល៕