(ព្រះសីហនុ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលផ្តល់អាណត្តិដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងផ្នែកប្រេងឥន្ធនៈ ដោយសហការជាមួយសាខា ក.ប.ប. ខេត្តព្រះសីហនុ ក្នុងការបន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដើម្បីធានាបាននូវម្ហូបអាហារដែលមានសុវត្ថិភាព សម្រាប់លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈនៅតាមបណ្តា ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ក្នុងការផ្គត់ផ្គង់លក់ប្រេងឥន្ធនៈ ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ គ្រប់លីត្រ និងមានគុណភាពល្អ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការណែនាំផ្ទាល់របស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការពារសុខុមាលភាព និងកិច្ចការពារអ្នកប្រើប្រាស់ ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងអនុវត្តជាបន្តបន្ទាប់ទៀតតាមបណ្តា រាជធានី ខេត្ត នៅទូទាំងប្រទេស។

ជាលទ្ធផល បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ រួមមាន៖ គ្រឿងសមុទ្រ បន្លែ ផ្លែឈើ និងទំនិញម្ហូបអាហារ បានចំនួន ៣៨គំរូ នៅផ្សារឃ្លាំងលើ ផ្សារញូស្តារ និងផ្សារលើ ជាលទ្ធផលមិនវត្ដមានសារធាតុគីមីហាមឃាត់នោះទេ។ ជាមួយគ្នានេះដែរ ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចក្នុងវិស័យប្រេងឥន្ធនៈ មន្ត្រីស៊ើបអង្កេត ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានត្រួតពិនិត្យអនុលោមភាពផ្នែកបរិមាណ និងគុណភាព បានចំនួន៨ ដេប៉ូ និងស្ថានីយ ជាលទ្ធផលបានរកឃើញ ដេប៉ូ និងស្ថានីយ ចំនួន៣ មិនមានអនុលោមភាព និងអនុវត្តធុរកិច្ចមិនស្មោះត្រង់លើបទដ្ឋានព័ត៌មាន និងបានពិន័យអន្តរការណ៍តាមនីតិវិធី៕