(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបែកបាក់របស់ក្រុមប្រឆាំងនាពេលនេះ គឺមកពីពួកគេខ្សោយ ហើយកុំមកបន្ទោសសម្តេចថាជាអ្នកបំបែកបំបាក់។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «គេបែកបាក់នៅឯណានោះ មកបន្ទោសឯងដែរ វិភាគចុះវិភាគឡើង គេបែកបាក់គ្នាមកបន្ទោស ហ៊ុន សែន»។ សម្តេចបន្តថា« ម៉េចក៏ចាំបាច់មកបន្ទោសគេ អញ្ចឹងពួកហ្អែងនេះខ្សោយណាស់ ធ្វើឱ្យគេបំបែកបាន អញ្ចឹង ហ៊ុន សែន ខ្លាំងជាងតោវត្តភ្នំទៀត បំបែកពួកឯងបាន បើភ្លើណាស់ បែកឱ្យងាប់អញ្ចឹងទៅ ! ពួកហ្អែងគ្មានថ្ងៃរស់ទេ»

ទោះបីជាមិនបញ្ជាក់ចំឈ្មោះ ប៉ុន្តែការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និង លោក កឹម សុខា បានចេញមុខវាយប្រហារគ្នាដោយបើកចំហរ។ លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។

ក្រោយការប្រកាសនេះ លោក សម រង្ស៉ី បានបំភ្លៃថា ជាការលើកឡើងដោយមានការបង្ខិតបង្ខំពីគណបក្សកាន់អំណាច ហើយអ្នកវិភាគខ្លះទៀតបានលើកឡើងថា គណបក្សកាន់អំណាចជាអ្នកបំបែកបំបាក់ក្រុមប្រឆាំង។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «ខ្ញុំទទួលយកអត់បានទេអាហ្នឹង ប៉ុន្តែបើអ្នកឯងប្រសិទ្ធនាមថាខ្ញុំជាអ្នកខ្លាំង បំបែកពួកអ្នកឯងបាន គឺអ្នកឯងចាត់ទុកថាក្រុមអ្នកឯងខ្សោយបំផុត ហើយ ហ៊ុន សែន ខ្លាំងណាស់ ត្រូវទទួលអញ្ចឹង!»។ សម្តេចបានបន្តថា «ការបង់ខាតមិនមែន ហ៊ុន សែន ទេ ពួួកអ្នកឯងតើ បែកបាក់ក្រុមអ្នកឯងតើ ហើយនរណាស៊ីលើនរណា? គេកំពុងតែជជែកគ្នា គណបក្សប្រជាជនអត់លូកដៃ អត់វិភាគទេ អាខ្លះយករូបគេ ទៅជាធុនមនុស្សតែមួយ តែម្នាក់ទៀតថា ទេ ! មិនមែនមនុស្សតែមួយទេ ២ផ្សេងគ្នា»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើប្រៀបធៀបទៅនឹងគ្រួសារវិញ បើទោះបីជាមានបងថ្លៃ ម្តាយក្មេកឪពុកក្មេកឬអ្នកដទៃបំបែកក៏ដោយ ឱ្យតែប្តីប្រពន្ធស្រលាញ់គ្នា គឺនៅតែអាចយកគ្នាបាន។ សម្តេចបានរំលឹកថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលគេបំបែកតាំងពីឆ្នាំ៧៩-៨០ តាំងពីជាង៤០ឆ្នាំមុន តែគណបក្សប្រជាជនកម្ពុជា មិនព្រមបែកនោះទេ ហើយរឹងមាំរហូតមកដល់សព្វថ្ងៃ។

ទោះជាយ៉ាងនេះក្តី សម្តេចថា សម្រាប់សម្តេចមិនមានបញ្ហាទេ ទោះជាពួកគេបែកឬរួមក៏សម្តេចមិនខ្វល់ដែរ។ សម្តេចបានចាត់ទុកថា រឿងនេះជារឿងក្រុមប្រឆាំងប៉ុណ្ណោះ ឯរឿងច្បាប់នៅតែអនុុវត្ត៕