(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លូវទាំង៣៧ខ្សែក្នុងខេត្តព្រះសីហនុ ដែលបានប្រើកម្លាំងកូនខ្មែរទាំងអស់ក្នុងការស្ថាបនា ទាំងកម្លាំងពលកម្ម មន្ត្រីជំនាញ វិស្វករ ស្ថាបត្យករជាដើម ដោយសម្តេចតេជោបានចាត់ទុកសមិទ្ធផលទាំងនេះថាជាមោទនភាពមួយរបស់ប្រជាជាតិខ្មែរ។

គួរជម្រាបថា គម្រោងស្ថាបនាផ្លូវទាំង៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣នៅខេត្តព្រះសីហនុនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការដ្ឋានសាងសង់កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ផ្លូវទាំង៣៧ខ្សែនេះមានប្រវែងសរុប៨៤គីឡូម៉ែត្រ ចែកជាមហាវិថីចំនួន៣ខ្សែ វិថីចំនួន១៥ខ្សែ និងអនុវិថីចំនួន១៩ខ្សែ ដោយចំណាយថវិកាជាតិសរុបប្រមាណ៣០០លានដុល្លារអាមេរិក។

នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវទាំង៣៧ខ្សែ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសហការី ព្រមទាំងគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីរាជការ មន្ត្រីជំនាញ អង្គភាពសាងសង់ ក្រុមហ៊ុនសាងសង់ទាំងអស់ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការចូលរួមស្ថាបនាផ្លូវទាំងនេះដោយជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ការសាងសង់ គឺទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចង់ ព្រោះទីនេះគឺជាស្នាដៃរបស់កូនខ្មែរទាំងអស់ ដោយគ្មានលាយឡំជាមួយនឹងជំនួយបច្ចេកទេស ឬជំនួយថវិកាពីបរទេសណាទេ យើងធ្វើខ្លួនឯងទាំងអស់»

សម្ដេចតេជោបានបង្ហាញនូវមោទនភាពជាមួយនឹងកិច្ចសហការពេញលេញរបស់ប្រជាជនដែលរស់នៅក្នុងខេត្តព្រះសីហនុ។ សម្តេចបានបន្តថា អ្នកដែលទទួលផលពិតប្រាកដ គឺប្រជាជនរស់នៅទីក្រុងព្រះសីហនុនេះតែម្ដង ពីព្រោះស្ថានភាពដែលធ្លាប់តែលំបាក មានភក់ ដីហុយ មានក្លិនទឹកស្អុយកាលពីមុន ឥលូនេះ គឺបានស្រួលបួលឡើងវិញហើយ។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក៏កំពុងធ្វើអាងប្រព្រឹត្តកម្មទឹកធំមួយទៀត ដើម្បីចម្រោះទឹកស្អុយសម្លាប់មេរោគមុននឹងបង្ហូរចូលទៅសមុទ្រ ការពារបរិស្ថាន និងធនធានជីវចម្រុះក្នុងសមុទ្ររបស់កម្ពុជា ជៀសវាងបង្កភាពកខ្វក់នៅក្នុងទឹកសមុទ្រ ខូចបរិស្ថាន ខូចសោភ័ណភាពសមុទ្រ ឆ្នេរជាដើម។

សូមជម្រាបថា សមិទ្ធផលផ្លូវទាំង៣៧ខ្សែក្នុងខេត្តព្រះសីហនុនេះបាននិងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងផែនការរៀបចំដែនដីនៅខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ អភិវឌ្ឍខេត្តព្រះសីហនុដែលជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តភាកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងវៃឆ្លាត និងការធ្វើសមហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា៕