(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសបិទលែងឲ្យមានការធ្វើទស្សនកិច្ច នៅកំពង់ផែរាម ក្នុងខេត្តព្រះសីហនុ ទៀតហើយ។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រាប់ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យលែងខ្វល់ចំពោះបញ្ហា ដែលមានការលើកឡើង ពាក់ព័ន្ធពីកំពង់ផែរាមដ៏ទំនើបមួយនេះ។

ការប្រកាសបិទលែងឲ្យមានការធ្វើទស្សនកិច្ច នៅកំពង់ផែរាម បានធ្វើឡើងបន្ទាប់ពីកម្ពុជាធ្លាប់អនុញ្ញាតឲ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ប៉ុន្តែក្រោយទស្សនកិច្ចនេះ អាមេរិកបែរជាចោទប្រកាន់កម្ពុជាថា មិនអនុញ្ញាតឲ្យយោធារបស់ខ្លួន ចូលទៅកាន់គ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះទៅវិញ។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិននិយាយតទៀតអារឿងកំពង់ផែរាម។ សូមឈប់និយាយ! ខ្ញុំបានប្រាប់ទៅ (សម្តេច) ទៀ បាញ់ ហើយឲ្យឈប់និយាយរឿងកំពង់ផែរាម។ នរណាចង់ទៅសុំទស្សនកិច្ចអី មិនបាច់ឲ្យទៅទេ»។

ទោះបីជាមិននិយាយចំឈ្មោះ តែសម្តេចតេជោនាយករដ្ឋមន្ត្រី ចង់សម្តៅដល់អាមេរិក ដែលចេះតែបង្កើតរឿងមិនឈប់មិនឈរ វាយប្រហារកម្ពុជារឿងកំពង់ផែរាម ថាជាកន្លែងដាក់មូលដ្ឋានទ័ពចិន។ ដោយសារតែការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់អាមេរិក មកលើកម្ពុជាជាបន្តបន្ទាប់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលែងខ្វល់ចំពោះការចោទប្រកាន់នោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅអាមេរិកថា «កំពង់ផែរាម មិនមែនជាកន្លែងចោរលួច ចោរប្លន់ទេ។ អ្នកឯងចង់ថាអ្វី ក៏ថាទៅ»

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ កម្ពុជាបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ចុះធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមសំណើរបស់ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ ក្រោយទស្សនកិច្ចនេះ ស្ថានទូតអាមេរិក បែរបានចេញសេចក្តីថ្លែងការណ៍មួយតាមបណ្តាញសង្គមថា កម្ពុជាមិនអនុញ្ញាតឲ្យយោធាខ្លួន ចូលទៅកាន់គ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ព្រមទាំងទាមទារចុះពិនិត្យម្តងទៀត។

ការចេញសេចក្តីថ្លែងការណ៍នេះ ទទួលប្រតិកម្មយ៉ាងខ្លាំងពីក្រសួងការពារជាតិកម្ពុជា ដោយចាត់ទុកថា វាគឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឲ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ បានចាត់ទុកថា ការបង្កើតស៉ីណារីយ៉ូថ្មីៗ របស់អាមេរិកបាននាំមកនូវភាពអវិជ្ជមាន និងប៉ះពាល់ដល់អធិបតេយ្យ និងលាក់ការណ៍កងទ័ពរបស់កម្ពុជា។

ករណីនេះដែរ បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ការធ្វើទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរ នោះឡើយ។ សម្តេចថែមទាំងអះអាងថា សកម្មភាពរបស់អាមេរិក ជាការមិនគោរពដល់អធិបតេយ្យកម្ពុជា និងបំពានច្បាប់អន្តរជាតិ។

សម្តេចតេជោបានថ្លែងថា «ឲ្យទៅមើលហើយមិនអស់ចិត្ត។ អ្នកឯងចង់ទៅឆែកឆេរ អ្នកឯងដើរតួជាស្អី? ខ្ញុំឲ្យទៅធ្វើទស្សនកិច្ច។ អ្វីទៅដែលហៅថា ទស្សនកិច្ច? វាខុសពីការធ្វើអធិការកិច្ច ឬឆែកឆេរ។ ឲ្យដឹងភារកិច្ចផង»

នាពេលកន្លងទៅ សារព័ត៌មានមួយចំនួនរបស់អាមេរិក បន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឲ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេស នៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឲ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។ សម្តេចពិជ័យសេនា ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីសាងសង់រួច កម្ពុជាជាអ្នកប្រើប្រាស់នូវកំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឲ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះដែរ។

សូមជម្រាបថា ក្រសួងរតនាគារអាមេរិក និងក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ក៏បានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។

នេះមិនមែនជាលើកទី១ទេ ដែលអាមេរិកបានចេញវិធានការដាក់ទណ្ឌកម្មចំពោះមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដោយឯកតោភាគី។ នាពេលកន្លងទៅ អាមេរិកក៏បានផ្សព្វផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការអភិវឌ្ឍ តំបន់កងទ័ពជើងទឹករាម និងការសាងសង់អាកាសយានដ្ឋាន នៅតំបន់តារាសាគរ ខេត្តកោះកុងផងដែរ។ អាមេរិកក៏ធ្លាប់បានរករឿងចំពោះការវាយកម្ទេចអគារតូចមួយ ដែលខ្លួនជួយសាងសង់នៅតំបន់រាម៕