(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០២២នេះ សម្ដេចនឹងមានការធ្វើដំណើរទៅក្រៅប្រទេសច្រើន ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗដូចជា វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងក្នុងទីក្រុងដាវូស ប្រទេសស្វីស និងពិព័រណ៍ពិភពលោកជាដើម។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើន ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីខែមករា ឆ្នាំ២០២២ខាងមុខនេះ ខ្ញុំនឹងធ្វើដំណើរទៅក្រៅប្រទេសជាច្រើន ហើយចំពោះប្រទេសដែលគ្រោងធ្វើដំណើរទៅនេះ ជាប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩ទៀត តែនេះជាការតម្រូវ ត្រូវតែទៅចូលរួម ក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីនេះត្រូវចូលរួមវេទិកាពិព័រណ៍ពិភពលោក នៅឌូបៃ»

សម្ដេចតេជោបានបន្ដថា ការការពារខ្លួនពីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសគឺមានលក្ខណៈដូចគ្នា អ្វីដែលសំខាន់យើងខ្លួនឯង ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្នឲ្យបានល្អ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា សហរដ្ឋអាមេរិក កំពុងមានបំណងរៀបចំប្រជុំអាស៊ាន-អាមេរិក ហើយបច្ចុប្បន្នកិច្ចប្រជុំនេះ កំពុងស្ថិតក្នុងការពិភាក្សា ដែលចង់ធ្វើនៅពាក់កណ្តាលខែមករានេះ។ សម្តេចលើកឡើងថា ចំពោះពេលវេលាដែលគ្រោងរៀបចំកិច្ចប្រជុំអាស៊ាន-អាមេរិក នៅពាក់កណ្តាលខែមករា ប្រហែលជាពិបាកសម្រាប់មេដឹកនាំអាស៊ាន ដោយសារតែសម្តេចក្នុងនាមប្រធានអាស៊ាន ជាប់រវល់ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងក្នុងទីក្រុងដាវូស ប្រទេសស្វីស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើប្រជុំនៅទឹកដីអាមេរិក ខ្ញុំជាមួយប្រធានាធិបតីអាមេរិក ជាសហប្រធានអង្គប្រជុំ ព្រោះកម្ពុជាធ្វើប្រធានអាស៊ាន»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី០៧ ខែធ្នូខាងមុខនេះ កម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចក៏ត្រៀមខ្លួន ធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ៕