(ព្រះសីហនុ)៖ ថ្លែងចេញពីប៉ែកនិរតី នៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្មីម្ដងទៀត បានបញ្ជាក់អំពីអត្ថន័យ នៃពាក្យ «ខ្មែរធ្វើបាន» ដែលបានដាក់តាំងបង្ហាញនៅលើមហាវិថីជំទាវម៉ៅ ក្នុងក្រុងព្រះសីហនុ ដែលពាក្យនេះ សម្ដៅដល់សមត្ថភាពខ្មែរគ្រប់ជំនាន់អាចកសាងសមិទ្ធផលទាំងឡាយជាច្រើនសម្រាប់ជាតិ។

ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ នៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពាក្យ «ខ្មែរធ្វើបាន» មានតាំងពីរាប់ពាន់ឆ្នាំមកហើយ ពោលខ្មែរអាចធ្វើបាននូវប្រាង្គប្រាសាទនានានៅទូទាំងប្រទេស ដើម្បីឲ្យអន្ដរជាតិស្គាល់ខ្មែរ ពិសេសប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានបញ្ជាក់អត្ថន័យយ៉ាងច្បាស់ [ខ្មែរធ្វើបាន] មិនសម្ដៅទៅលើការអភិវឌ្ឍនៅក្រុងព្រះសីហនុទេ [ខ្មែរធ្វើបាន] តាំងពីរាប់ពាន់ឆ្នាំរួចមកហើយ ខ្មែរធ្វើបានប្រាង្គប្រាសាទនានានៅទូទាំងប្រទេស ហើយលេចធ្លោជាងគេ គឺប្រាសាទអង្គរវត្ត ព្រះវិហារ សំបូរព្រៃគុក កោះកេរ្ដិ៍ នៅកន្លែងណាក៏មានប្រាសាទ [...] ដូច្នេះពាក្យថា [ខ្មែរធ្វើបាន] ចង់សម្ដៅទៅលើទូទាំងដំណើរជាតិរបស់យើង ពីការចាប់ផ្ដើមរហូតមកដល់ពេលនេះ។ ហើយខ្ញុំសង្ឃឹមថា ខ្មែរធ្វើបាន នឹងបន្ដនូវពេលអនាគត តាមរយៈស្នាដៃរបស់យើង»

ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា មុនសង្គ្រាមក្រោយឆ្នាំ១៩៧០ កម្ពុជាក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានសាងសង់នូវពហុកីឡដ្ឋានជាតិអូឡាំពិក និងស្ពានជាដើម។ សម្ដេចបន្ដថា បើទោះបីពេលនេះមិនទាន់មានច្រើន ប៉ុន្ដែដំណាក់កាលនោះ គឺអស្ចារ្យណាស់ ដែលជាមោទនភាពកាលពីជំនាន់នោះ។ អ្វីដែលជាមោទនភាពនោះ គឺពហុកីឡដ្ឋានជាតិអូឡាំពិក ដែលគេតែងហៅថា ស្ដាតអូឡាំពិក គឺបន្ដប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ផ្ទុយពីពាក្យ «ខ្មែរធ្វើបាន» សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពាក្យ «ជំនួយបច្ចេកទេស» អាចនឹងត្រូវកាត់បន្ថយយ៉ាងច្រើន។ សម្ដេចបានបង្ហើបថា គម្រោងខ្លះប្រើប្រាស់ការចរចា ប្រើប្រាស់ការសិក្សាអស់ពេល២ឆ្នាំ មិនទាន់ចេញជាលទ្ធផលអ្វីនៅឡើយ ខណៈគម្រោងរបស់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុនេះ គឺធ្វើរួចមុនរយៈពេល២ឆ្នាំ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ ដែលមានទាំងផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ៣០០លានដុល្លារអាមេរិក មិនមានជំនួយរបស់បរទេសនោះឡើយ។

សូមជម្រាបថា ទីតាំងដែលបានដាក់បង្ហាញនូវពាក្យ «ខ្មែរធ្វើបាន» នៅលើមហាវិថីជំទាវម៉ៅ ក្នុងក្រុងព្រះសីហនុ បានក្លាយជាទីតាំងមួយ ក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត នៅលើផ្លូវថ្មីចំនួន៣៧ខ្សែ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។ ពួកគាត់តែងតែយកទីតាំងដែលសរសេរពាក្យថា «ខ្មែរធ្វើបាន» ដើម្បីថតរូបទុកជាអនុស្សាវរីយ៍ ហើយបង្ហោះនៅលើបណ្ដាញសង្គម Facebook ឬបណ្ដាញសង្គមផ្សេងៗជាច្រើន៕