(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីអត្ថន័យ «ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍» ថា ជានិមិត្តរូបនៃការស្ថិតស្ថេរជាអមតៈ ចំពោះភាពគង់វង្ស នៃឯករាជ្យ អធិបតេយ្យភាព, ភាពគង់វង្ស នៃសន្តិភាព, ភាពគង់វង្ស នៃស្ថាប័នរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្ក។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅក្រុងព្រះសីហនុ ចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិ ប្រមាណ ៣០០លានដុល្លារអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះតំណាងឲ្យភាពគង់វង្ស នៃប្រទេសជាតិរបស់យើង ភាពគង់វង្ស នៃឯករាជ្យ អធិបតេយ្យភាពរបស់យើង ភាពគង់វង្ស នៃសន្តិភាពរបស់យើង ភាពគង់វង្ស នៃស្ថាប័នរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្ក របស់យើង។ ព្រោះពាក្យថាចាំ គឺវាមិនដែលជួប [...]»

បើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន, នៅខេត្តព្រះសីហនុ បានរៀបចំសិលាបណ្តាសាផងដែរ ក្នុងគោលបំណងការពារសមិទ្ធផលក្នុងក្រុង កុំឲ្យមានការបំផ្លិចបំផ្លាញ។

សូមជម្រាបថា នៅក្នុងឱកាសចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ក៏បានបកស្រាយម្តងរួចហើយពីអត្ថន័យ ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស។ វាមានអត្ថន័យថា ការពារសន្តិភាពមិនឲ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វី ដែលមាននាពេលបច្ចុប្បន្ន ឲ្យបានគង់វង្សយូរអង្វែងតទៅ។

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានការបន្តុះបង្អាប់ថា ការដាក់ឈ្មោះ ឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ សម្តៅដល់អត្ថន័យអាក្រក់។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដាក់ឈ្មោះនេះ អះអាងថា វាមានអត្ថន័យជ្រៅជាងសមុទ្រទៅទៀត៕