(កំពង់ឆ្នាំង)៖ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្តជាង៥០០នាក់ ដាំកូនឈើព្រៃលិចទឹក មានដើមរាំង និងដើមរំដេញចំនួន២០០០ដើម នៅលើដីលិចទឹកចំនួន២ពាន់ហិកតា នៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ដែលបានដកហូតពីជនខិលខូចទុកជាសម្បត្តិរដ្ឋវិញ តាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក ស៊ុន សុវណ្ណរិទ្ធិ នៅក្នុងឱកាសនោះ បានលើកឡើងថា «អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ថ្ងៃនេះមន្ត្រីរាជការយើងជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានសហការគ្នា ដើម្បីដាំកូនឈើចំនួន ២,០០០ដើម នៅលើផ្ទៃដីទំហំ ២,០០០ហិកតា ដែលក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្ត បានដកហូតពីប្រជាពលរដ្ឋ និងមន្ត្រីខិលខូច ដែលបានលួចឈូសឆាយព្រៃលិចទឹក រំលោភយកដីធ្វើជាកម្មសិទ្ធិកន្លងមក។ ដូច្នេះចំពោះការដាំដើមឈើព្រៃលិចទឹកឡើងវិញនៅថ្ងៃនេះ គឺជាការរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ដារឡើងវិញ នៅព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលរងគ្រោះស្ទើបាត់បង់អស់ពីបឹងទន្លេសាបទៅហើយនោះ ដើម្បីបង្កើនព្រៃលិចទឹកឲ្យសំបូរដូចដើមឡើងវិញ សម្រាបទុកឱ្យត្រីពងកូនចិញ្ចឹមយើងទាំងអស់គ្នា និងសំរាប់កូនចៅយើងជំនាន់ក្រោយ»

លោក ណៅ ធួក ក្នុងទិវាដាំកូនឈើព្រៃលិចទឹកនេះ បានលើកឡើងថា ដើមឈើព្រៃលិចទឹក ដែលយើងដាំនៅពេលនេះ ក្នុងមួយឆ្នាំវាអាចលូតលាស់បានកម្ពស់៨តឹក និងបើយើងទុកឱ្យរស់បានពីរឆ្នាំនោះ វានឹងមានកម្ពស់១.៦០ម៉ែត្រ ដែលអាចទុកឱ្យត្រីពងកូនបាន សម្រាប់ចិញ្ចឹមជីវិតមនុស្ស។ ដូច្នេះនៅក្នុងយុទ្ធនាការ ការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន យើងអាចនឹងដាំកូនឈើព្រៃលិចទឹកឡើងវិញ នៅជុំវិញបឹងទន្លេសាបរាប់លានដើម ដើម្បីឱ្យមានសំបុកត្រីពងកូនបានច្រើនដូចពីមុនៗ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា សម្រាប់ខេត្តកំពង់ឆ្នាំង នឹងត្រូវដាំកូនឈើព្រៃលិចទឹកចំនួន២០ម៉ឺនដើមឡើងវិញ នៅក្នុងតំបន់ព្រៃលិចទឹកតំបន់គោកព្រះនេះ។ ចំណែកតាមបណ្ដា ស្រុកក្រុងមួយចំនួនទៀត នៅតាមតំបន់៣ នៃព្រៃលិចទឹក ដែលរងការបំផ្លិចបំផ្លាញ ក៏ត្រូវដាំដើមឈើព្រៃលិចជាបន្តបន្ទាប់នៅថ្ងៃខាងមុខផងដែរ ព្រោះកន្លងមកដោយមានជនខិលខូចមួយចំនួន បានលួចទន្ទ្រានយកជាកម្មសិទ្ធិ ដើមឈើព្រៃលិចទឹកខ្លះ ក៏ត្រូវបានក្រុមជនខិលខូចមួយចំនួនលួចកាប់បំផ្លាញយកទៅធ្វើជាសម្រាស់ សម្រាប់ដាក់ចាប់ត្រីនៅក្នុងទន្លេផងដែរ។

លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ទៀតថា ករណីទាំងអស់ខាងលើនេះ លោកបានមានចំណាត់ការជាបន្តបន្ទាប់ដែរ តែមិនអាចបង្ក្រាបអស់មួយរយភាគរយនោះទេ ទាល់តែមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ពិសេសមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ទើបអាចរក្សាបាននូវធនធានធម្មជាតិរបស់យើងឡើងវិញ។

សូមបញ្ជាក់ថា ព្រៃលិចទឹកមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ព្រោះព្រៃលិចទឹកគឺជាកន្លែងពងកូនយ៉ាងកក់ក្តៅរបស់មច្ឆាជាតិ។ ព្រៃលិចទឹកបានផ្ដល់តាមរយៈសោភ័ណភាពធម្មជាតិរបស់វា គឺផ្ដល់នូវទេសភាពយ៉ាងប្រណីត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងការដើរកំសាន្ត។ រុក្ខជាតិ នៃព្រៃលិចទឹកមួយចំនួនត្រូវបានប្រើប្រាស់ជាឱសថយ៉ាងសំខាន់សម្រាប់ព្យាបាលរោគទៀតផង។

ព្រៃលិចទឹកក៏អាចផ្ដល់ជាប្រភពថាមពលសម្រាប់ចំអិនចំណីអាហាររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទដែលមានលំនៅដ្ឋានក្បែរព្រៃលិចទឹក ដោយប្រើប្រាស់អុសព្រៃលិចទឹកតាមលក្ខណៈប្រពៃណី គឺប្រើប្រាស់អុសព្រៃលិ ចទឹកដែលបានមកពីកាប់មែកឈើងាប់ឬមែកឈើចាស់ៗប៉ុណ្ណោះ។ ព្រៃលិចទឹកអាចជួយសង្គ្រោះជីវិតអ្នករងគ្រោះ ថ្នាក់ក្នុងទឹកដោយលិចទូកកាណូតជាពិសេសនៅពេលដំឡើង។ ព្រៃលិចទឹកក៏មានសារៈប្រយោជន៍ដូចព្រៃឈើ ដទៃទៀតដែរ។ សរុបមកព្រៃលិចទឹកជាកត្តាចាំបាច់សំខាន់ក្រៃលែង សម្រាប់វិស័យជលផលដោយពុំអាចខ្វះបានឡើយ៕

(នេះជាសកម្មភាពកាប់បំផ្លាញព្រៃលិចទឹក កាលពីខែវិច្ឆិកា ឆ្នាំ២០២១)