(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភជួយសម្រួលជីវភាពដល់សមាគមន៍មនុស្សចាស់ ចំនួន៧០នាក់ ដែលមកពីតាមបណ្ដាសង្កាត់ទាំង៧។

សកម្មភាពសមធម៌របស់អភិបាលខណ្ឌឫស្សីកែវនេះ បានរៀបចំធ្វើឡើង ក្រោមវត្តមានចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោក បាន វុត្ថា អនុប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌នេះដែរ, លោក ឯក ឃុនដឿន បានជុំរុញបន្ថែមទៀត ដល់សមាគមន៍មនុស្សចាស់ កុំឱ្យធ្វេសប្រហែស ហើយបន្តប្រុងប្រយ័ត្ន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីលោកអភិបាលខណ្ឌឫស្សីកែវរូបនេះ ឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាបំផុត និងប្រកបដោយព្រហ្មវិហារធម៌របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយសម្រួលជីវភាពដល់សមាគមន៍មនុស្សចាស់ ចំនួន៧០នាក់ ដោយក្នុងម្នាក់ៗទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, ភួយ៨០១, ក្រម៉ា១, អាវរងា១, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, និងថវិកា ៥០,០០០រៀលស្មើៗគ្នា៕