(ព្រះសីហនុ)៖ ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី២ ខែធ្នូ មានព្រឹត្តិការណ៍សំខាន់ៗ ចំនួន៣ សម្រាប់សម្តេច។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍ទាំង ៣នោះ រួមមាន៖

* ១៖ ខួបលើកទី៤៣ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ
* ២៖ ខួបលើកទី៣៤ នៃជំនួបចចារកសន្តិភាពរវាងសម្តេច និងសម្តេច នរោត្តម សីហនុ ដែលគេហៅថា «វេទិកាសីហនុ-ហ៊ុនសែន ហ្វែអង់តាដឺន័រ»
* ៣៖ ខួបលើកទី២៣ នៃការដាក់យុទ្ធសាស្ត្រត្រីកោណ។

បើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន, សម្រាប់ខែធ្នូនេះ មានព្រឹត្តិការណ៍ជាច្រើនជាប់ពាក់ព័ន្ធជាមួយសម្តេចក្នុងព្រឹត្តិការណ៍ជាតិ មានដូចជាព្រឹត្តិការណ៍បិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង និងការកោះហៅសម្តេចទៅរៀបអាពាហ៍ពិពាហ៍ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សម្តេចមិនបានសម្រានមួយយប់ ដើម្បីរៀបចំសុន្ទរកថាជូនសម្តេច ជា ស៉ីម។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ២ធ្នូ ឆ្នាំ១៩៨៧ មុនជំនួបសម្តេច នរោត្តម សីហនុ និង២ធ្នូ ឆ្នាំ៩៨ នៃការបង្កើតយុទ្ធត្រីកោណ ក៏សម្តេចសម្រាន្តមិនលក់ផងដែរ។

សម្តេចតេជោ បានថ្លែងបញ្ជាក់បន្ថែមថា មុំសំខាន់នៃយុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចដាក់ចេញនៅឆ្នាំ១៩៩៨ រួមមាន៖ ការធ្វើឲ្យមានសន្តិភាព, ការធ្វើសមាហរណកម្មប្រទេសទៅក្នុងឆាកអន្តរជាតិ, ប្រមូលផ្តុំនូវការខិតខំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីយុទ្ធសាស្ត្រនោះហើយ ធ្វើឲ្យកម្ពុជាបានងើបលើកស្មើមុខស្មើមាត់ជាមួយប្រទេសនានា៕