(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងមន្រ្តីចូលនិវត្តន៍ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

លោក សុខ លូ បានរំលឹកពីកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានតស៊ូរំដោះជាតិមាតុភូមិកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជា៣ឆ្នាំកន្លងមក។

លោក សុខ លូ បានបញ្ជាក់ផងដែរ ពីបញ្ហាការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យមានការឆ្លងបន្តទៀត ខណៈថ្ងៃនេះ ខេត្តបាត់ដំបងបានបើកយុទ្ធនាការបើកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្តគឺដូសទី៣ ជាដូសជំរុញឲ្យបានគ្រប់រូប ដើម្បីការពារ ឆ្លងរីករាលបន្តទៀត និងលែងមានការភ័យខ្លាចពីបញ្ហាកូវីដទៀតឡើយ។

លោកបានបន្តថា នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងឆ្នាំ២០២៣ ថ្ងៃបោះឆ្នោតសកលអណត្តិទី៧ នៃការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្ត
ដូច្នេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើរាស្រ្តឲ្យបានល្អ ដើម្បីបានការគាំទ្រពីពួកគាត់ ទទួលបានជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តទៀតដើម្បីកសាង និងអភិវឌ្ឍន៍មានការរីកចម្រើន និងមានសន្តិភាព តរហូតទៅ សម្រាប់កូនចៅជំនាន់ក្រោយបន្តវេន «មានសន្តិភាព គឺមានអ្វីៗទាំងអស់»៕