(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានអះអាងថា ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរនឹងប្រើវិធានការណ៍ក្ដៅ ចុះរៀបចំសណ្ដាប់ធ្នាប់ និងរុះរើសំយ៉ាប ឈប់យោគយល់ ទៅលើក្រុមអាជីវករមួយចំនួន ដែលលក់ដូររំលោភយកចំណីផ្លូវនៅផ្សារវាលយន្ត។

លោកបានបន្តថា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង នាថ្ងៃនេះលោក បានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីណែនាំជាច្រើនលើកច្រើនសា នៅតែរឹងទទឹងរឹងរូសដោយមិនព្រមអនុវត្តតាមការណែនាំ នៅជុំវិញផ្សារវាលយន្ត។

លោកបន្ថែមថា រដ្ឋបាលក្រុងស្វាយរៀងបានធ្វើការផ្សព្វផ្សាយ តាមរយៈការចាក់មេក្រូ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹងដល់អាជីវករឲ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។

ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះ គឺធ្វើដើម្បីផលប្រយោជន៍រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នុងនាមជាអាជ្ញាធរ គឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ ដល់អាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ ធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។ បើកាលណាក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ធំនោះ គឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនទិញមុខទំនិញ បន្លែ និងរបស់របរផ្សេងៗ មានចិត្តសប្បាយរីករាយ។

ចំណែកការលក់ដូរវិញ ក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញ និងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀត ប៉ុន្តែក៏មានអាជីវករមួយចំនួនធ្វើតម្រាប់តាមគ្នា ដោយមិនគិតពីផលប្រយោជន៍រួមទេ គឺគិតយកតែឈ្នះចាញ់រៀងៗខ្លួន ដើម្បីបានលក់ដូរបំពានលើចំណីផ្លូវ ហើយក្នុងនាមលោកជាអាជ្ញាធរក្រុង ក៏មិនសប្បាយចិត្តដែរ។

លោកក៏បានសំណូមពរដល់ក្រុមអាជីវករ ដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅជុំវិញផ្សារវាលយន្ត ក៏ដូចជាទូទាំងក្នុងក្រុងស្វាយរៀង និងធ្វើសំយាបផ្ទះលយមកលើចំណីផ្លូវ និងសាងសង់សំណង់ផ្សេងៗ ត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់ អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះធ្វើឲ្យមានផលប៉ះពាល់ដល់សម្ភារ និងខាតពេលវេលាផលប្រយោជន៍របស់បងប្អូន ហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅនោះ គឺមិនពិតទេ។

ប្រជាពលរដ្ឋដែលធ្វើដំណើរជុំវិញនៅផ្សារវាលយន្ត សាទរយ៉ាងខ្លាំងដល់រដ្ឋបាលក្រុងស្វាយរៀង ដែលដឹកនាំដោយលោកអភិបាលរងក្រុង និងកងកម្លាំងព្រមទាំងក្រុមការងារដែលចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ធំទូលាយងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់មិនមានការកកស្ទះដូចមុន៕