(កណ្តាល)៖ ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំំនួន៣០០នាក់ នៃគណបក្សប្រជាជន ឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល លោក គង់ អៀង ទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទូទាំងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មកដល់ពេលនេះ មានផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូប្រមាណ៨០ភាគរយហើយ សម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។

លោកបន្តថា លទ្ធផលផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ដែលប្រជាជនឃុំព្រែកអញ្ចាញទទួលបាននេះ ដោយសារការខិតខំជួយកសាង ពីសំណាក់រាជរដ្ឋាភិបាល និងសប្បុរសជនតាមរយៈសម្ដេចតេជោ។

លោក គង់ អៀង បញ្ជាក់ថា ពេលនេះ រាជរដ្ឋាភិបាល និងក្រុមការងារថ្នាក់ជាតិ ស្រុកមុខកំពូល ដឹកនាំដោយលោក វង្សី វិស្សុត បាននិងកំពុងបន្តជួយស្ថាបនាកំណាត់ផ្លូវលំ ក្នុងមូលដ្ឋានដែលមានប្រវែង៤គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ ឲ្យទៅជាផ្លូវបេតុងទៀត ដែលចំណាយថវិកាប្រមាណមួយលានដុល្លារ។

លោក គង់ អៀង អះអាងថា សម្រាប់អាណត្តិទី៥ ក្រោយនេះ រាជរដ្ឋាភិបាល និងក្រុមការងាររាជរដ្ឋាភិបាលជួយឃុំព្រែកអញ្ចាញ នឹងខិតខំស្ថាបនាផ្លូវ ក្នុងទូទាំងឃុំព្រែកអញ្ចាញឲ្យទៅជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ឲ្យអស់មិនឲ្យសល់ផ្លូវលំផ្លូវដីឡើយ។

ក្នុងឱកាសនោះ លោកក៏បានថ្លែង អំណរគុណចំពោះ សមាជិកបក្ស ទើបចូលថ្មី ដែលបានជឿជាក់ និងផ្តល់ការទុក្ខចិត្តមកលើគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកបានអំពាវនាវ ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់
ក្នុងឃុំព្រែកអញ្ចាញ ត្រូវរួបរួមសាមគ្គី ស្រលាញ់រាប់អានគ្នាមានមនសិកា ស្រលាញ់ ជឿជាក់ និងពង្រឹងនូវភាពរឹងមាំ របស់គណបក្ស និងចូលរួមគោរព និងអនុវត្តតាម មាគ៌ាដឹក នាំរបស់គណបក្សឲ្យបានខ្ជាប់ខ្ជួន កុំជឿ ឬស្តាប់ការញុះញុងរបស់ជនអគតិណាមួយ ធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង គណបក្ស។

លោកបានថ្លែងរំលឹកថា ប្រជាជនកម្ពុជាទូទាំងប្រទេសបានរស់រានមានជីវិតឡើងវិញ និងមានជីវភាពរីកចម្រើន ធូរធា សប្បាយរីករាយនេះ ដោយគុណថ្ងៃជ័យជំនះ ៧មករា និង មានការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ជឿនលឿនគ្រប់វិស័យ។

សូមបញ្ជាក់ដែរថា ពិធីបញ្ចូលសមាជិកថ្មីចំនួន ៣០០នាក់ក្នុងនោះស្រីចំនួន១១២នាក់ នៃគណបក្សប្រជាជនក្នុងឃុំព្រែកអញ្ចាញនៅថ្ងៃទី១ធ្នូ ឆ្នាំ២០២១ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា៕