(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី អនុញ្ញាតឲ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្តុំ នៅតាមគ្រឹះស្ថានសិក្សាឯកជន។

សេចក្តីជូនដំណឹងបានឲ្យដឹងថា នៅតាមគ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលនៃការបើកដំណើរការ ប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ១៩ «តាមគន្លងប្រក្រតីភាពថ្មី» ក្រសួងអប់រំ បានអនុញ្ញាតឲ្យចាប់ផ្តើមដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅ និងការបើកដំណើរការឡើងវិញ នៃគ្រឹះស្ថានឧត្តមសិក្សា។

ដើម្បីគាំទ្រដល់ដំណាក់កាលនេះ និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាត ឲ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្តុះ នៅតាមគ្រឹះស្ថានសិក្សាឯកជន ដូចខាងក្រោម៖

១៖ សកម្មភាពកីឡា ដែលមានការប៉ះទង្គិច ឬការប៉ះពាល់រវាងរូបរាងកាយតិចតួច រួមមានលំហាត់ប្រាណ អត្តពលកម្ម ការហែលទឹក កីឡាវាយសី
២៖ អាហារដ្ឋាន និងសេវាផ្តល់អាហារ ដែលអាចគ្រប់គ្រងពេលវេលាចូលទទួលទាន អាហាររបស់សិស្សមិនឲ្យកុះករ និងរក្សាគម្លាតសុវត្ថិភាព (ប៉ុន្តែការផ្តល់ទឹកស្អាតពីប្រភពរួមគ្នា សម្រាប់ទទួលទាន ត្រូវបន្តផ្អាក )
៣៖ បណ្ណាល័យ បន្ទប់នេត្រា-សោតទស្សន៍ បន្ទប់ពិសោធន៍ ដែលពុំប្រើប្រាស់ប្រព័ន្ធត្រជាក់ ឬប្រព័ន្ធបន្សុទ្ធខ្យល់រួមគ្នា (ដោយត្រូវបើកបង្អួចឲ្យបានទូលាយ)
៤៖ សកម្មភាពសិល្បៈ ការរាំ ការប្រគុំតន្ត្រី ការសម្តែងកាយវិការ ដែលមានការប៉ះពាល់រវាងរូបរាងកាយតិចតួច (ដោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើអនាម័យលើឧបករណ៍ ដែលត្រូវប្រើប្រាស់រួមគ្នា)
៥៖ សេវាដឹកជញ្ជូនសិស្ស ដោយបន្តរក្សាគម្លាតសុវត្ថិភាព (មិនអនុញ្ញាតឲ្យអង្គុយជាប់គ្នា)

ការបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀននិងបង្រៀនជាលក្ខណៈបណ្ដុំ ដូចរៀបរាប់ខាងលើ នឹងត្រូវអនុវត្តស្របតាម «គោលការណ៍ប្រតិបត្តិស្តង់ដា (SOP)ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១» និងគោលការណ៍ណែនាំដទៃទៀត ដែលមានជាធរមាន។

គ្រឹះស្ថានសិក្សាឯកជន ដែលមានបំណងបើកដំណើរការសកម្មភាព និងសេវាកម្មខាងលើ ត្រូវឆ្លងកាត់ការពិភាក្សាជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាមុន៕