(ភ្នំពេញ)៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រូវដង្ហែពីបារាំងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាម លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ក្រោយដង្ហែមកដល់កម្ពុជា ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវតម្កល់នៅព្រះរាជតំណាក់ នាផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះពិធីបុណ្យ សាសនា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការរៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ គណៈកម្មការនេះ មានសមាសភាព២៨រូប ដឹកនាំដោយ សម្តេចចៅហ្វាវាំងគង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។

 សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕