(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យគុណភាព និងសកម្មភាពការងារសាងសង់នៃការដ្ឋានស្ថាបនាកំណាត់ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រព័ន្ធលូបង្ហូរ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសំណង់ដែលសាងសង់ រួចមានគុណភាពរឹងមាំ ស្របតាមស្តង់ដាបច្ចេកទេស ដែលបានកំណត់ប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការចំណាយថវិកាជាតិក្នុងការជួសជុលថែទាំ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវយកចិត្តទុកដាក់ដោយស្មារតី ទទួលខុសត្រូវខ្ពស់លើការងារ សាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោមតាមស្តង់ដាបច្ចេកទេសដែលបានកំណត់ ធ្វើយ៉ាងណាធ្វើម្តងឱ្យហើយកុំធ្វើម្តងទៀតនាំឱ្យខាតបង់ពេលវេលា និងថវិកា ដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។

ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុងទំនើប ដែលធ្វើឱ្យផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ដែលជួយឱ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឱ្យយានយន្តរអិលក្នុងពេលបើកបរ និងគ្រប់គ្រងស្នាមប្រេះបានល្អដែលកន្លងមកការឆូតកាត់ ផ្លូវបេតុង(ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃប៉ុណ្ណោះ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋាន ផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងចំណាយពេលសាងសង់ចំនួន២៨ខែ។ គម្រោងនេះបានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ហើយគិតមកត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ការងារសាងសង់សម្រេចបានប្រមាណ ៤០.៨៩% ដែលលឿនជាងផែនការប្រមាណ ១.៥៥%។

សូមជម្រាបជូនថា៖ ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថាបនាដោយក្រាលបេតុងសរសៃដែក ប្រវែង ២២.៣៤៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២៦សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម ០.៥០ម៉ែត្រសងខាង ចាប់ពីPK២៤+៣៥០ ដល់ PK៤៣ +០២៥ (មានស្រទាប់Sub Base ១៥សង់ទីម៉ែត្រ និងស្រទាប់ Base Course កម្រាស់ ៣០ សង់ទីម៉ែត្រ)។

កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាម នាវា កសិផល និងជលផលរបស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែក ដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុន ធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕