(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) ពិនិត្យមេីលលទ្ធភាពក្នុងការជួយអភិវឌ្ឍមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍ខ្មែរឥស្លាម ពិសេសការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត ជួយដល់កុមារកំព្រា ចាស់ជរា អ្នកទីទាល់ក្រជាដើម។

ការស្នើនេះធ្វើឡើងនាឱកាសលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) ដឹកនាំដោយលោកស្រី អាយដា អ៊ុនលូ (AYDA UNLU) ឯកអគ្គរដ្ឋទូតប្រទេសតួកគីប្រចាំកម្ពុជា នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ។

នៅក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តីបានធ្វេីបទបង្ហាញដល់គណៈប្រតិភូ ពីប្រវត្តិនៃកំណកំណេីតទីតាំងមជ្ឈមណ្ឌលនេះ និងបានលើកពីគម្រោងផែនការមេសំខាន់ៗ ដើម្បីអភិវឌ្ឍន៍បរិវេណនេះផងដែរ។

លោកទេសរដ្ឋមន្ត្រីបានស្នើទៅកាន់ទីភ្នាក់ងារ TIKA ពិនិត្យមេីលលទ្ធភាពក្នុងការជួយអភិវឌ្ឍមជ្ឈមណ្ឌលឥស្លាមភ្នំពេញនេះ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍ខ្មែរឥស្លាម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គមជាតិទាំងមូល។

លោកបានយ៉ាងដូច្នេះថា «ទីតាំងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ មានព្រះវិហារឥស្លាមអាល់សារកាលបឹងកក់ភ្នំពេញស្រាប់ ហេីយនឹងត្រូវអភិវឌ្ឍបរិវេណនេះឱ្យទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជាលើវិស័យមួយចំនួន ពិសេសការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត កុមារកំព្រា ចាស់ជរា អ្នកទីទាល់ក្រជាដើម»

ទេសរដ្ឋមន្រ្តីក៏បានស្នើដល់ទីភ្នាក់ងារ TIKA ពិនិត្យមេីលលទ្ធភាពក្នុងការជួយអភិវឌ្ឍទីតាំងនេះ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសហគមន៍ខ្មែរឥស្លាម ក៏ដូចជារួមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គមជាតិទាំងមូល។

ជាកិច្ចឆ្លេីយតប ភាគីទីភ្នាក់ងារ TIKA របស់តួកគីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនានា ហើយទទួលយកសំណេីរបស់ទេសរដ្ឋមន្ត្រីទៅសិក្សាបន្ថែម ដោយសន្យាថានឹងជួយសម្របសម្រួលផ្តល់កិច្ចសហការជ្រោមជ្រែងលេីគម្រោងនេះ។

គួរជម្រាបថា ទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) គឺជាទីភ្នាក់ងារជាតិរបស់សាធារណរដ្ឋតួកគី ត្រូវបានបង្កេីតឡេីងនៅឆ្នាំ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ បច្ចេកវិទ្យា អប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍគម្រោង និងកម្មវិធីនានា។

ទីភ្នាក់ងារ TIKA មានស្នាក់ការនៅក្នុងប្រទេសចំនួន៦០ ធ្វេីសហប្រតិបត្តិការនៅជាង១៥០ប្រទេស ដែលមានសកម្មភាពចម្បងលេីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍស្ថាប័នធនធានមនុស្ស។ ទីភ្នាក់ងារ TIKA ក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ពន្ធ ដូចជា ប្រព័ន្ធធារាសាស្ត្រ អនាម័យ និងគម្រោងដឹកជញ្ជូន ព្រមទាំងសាងសង់និងជួសជុលសាលារៀន មន្ទីរពេទ្យ ស្ថាបត្យកម្ម និងផ្តល់ជំនួយផ្នែកមនុស្សធម៌ផងដែរ៕