(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការ ចំនួន៣រូប នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយជោគជ័យ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវនៅទីនោះអស់រយៈពេល៣ឆ្នាំ ទាំងទៅផ្ទាល់ និងពីចម្ងាយ

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការ ចំនួន៣រូបរួមមាន៖

ទី១៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌

ទី២៖ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

និងទី៣៖ លោក ធិន វុត្ថា នាយករងខុទ្ទកាល័យនៃក្រសួងយុត្តិធម៌។

កម្មវិធីនេះ កើតចេញពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលកម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើសនិងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិតនិងអនុបណ្ឌិតមាន១៦រូប និងវគ្គជំនាញខ្លីៗមាន៤០រូប៕