(ភ្នំពេញ)៖ ឯកឧត្តម ឡេង តុង ប្រធានក្រុមការងារជនបង្គោលទទួលបន្ទុកការងារយុវជនស្រុកពញាក្រែក សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
ឯកឧត្តមឡេង តុង បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជាដែលមានអត្តចរិក ថ្លៃថ្នូរ សុភាពរាបសារ រួសរាយរាក់ទាក់ ទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ទាំងផ្នែករដ្ឋបាលសាធារណៈ នយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងការទូត និងយុទ្ធសាស្ត្រ យោធា ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមបាននិងកំពុងចូលរួមដោយផ្ទាល់យ៉ាងសកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕