(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងដោយអំណរសាទរ និងអរគុណយ៉ាងជ្រោលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានពន្យល់អំពីអត្ថន័យនៃការប្រសិទ្ធនាមឈ្មោះ «ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍» ស្ថិតនៅតាមដងមហាវិថីឆ្លងកាត់ពីឆ្នេរសមុទ្ររាម ឆ្ពោះទៅកាន់ឆ្នេរអូរត្រេះ ខេត្ដព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា «ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍» ជានិម្មិតរូបនៃការស្ថិតស្ថិរជាអមតៈចំពោះភាពគង់វង្សនៃឯករាជ្យ អធិបតេយ្យភាព ភាពគង់វង្សនៃសន្តិភាព ភាពគង់វង្សនៃស្ថាប័នរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្ក។

លោក រ័ត្ន សណ្ដាប់ បានបញ្ជាក់ថា ការប្រសិទ្ធនាមនេះ គឺពិតជាឧទិ្ទសនិងផ្ដល់នូវគុណតម្លៃដ៏ប្រពៃបំផុត ដល់កុលបុត្រកុលធីតាខ្មែរនូវសេចក្ដីស្រលាញ់ ចំពោះជាតិមាតុភូមិរបស់ខ្លួនតរៀងទៅ។ បានន័យថា ចំពោះដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍ ដែលសម្តេចតេជោបានប្រសិទ្ធនាមនេះ គឺជាដើមឈើ និងសិលាដែលមានប្រវត្ដិនិងមានអត្ថន័យយ៉ាងច្បាស់លាស់ ដែលធ្វើឲ្យខេមរជនទាំងក្នុង និងក្រៅព្រះនគរក្នុងសម័យទំនើបនេះមានមោទនភាពជាទីបំផុត។

លោក រ័ត្ន សណ្ដាប់ បានន្ដថា បើដូចនេះចំពោះអត្ថន័យនិងគុណតម្លៃដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍ ដែលជាតំណាងឲ្យភាពគង់វង្សក្នុងការ ការពារសន្តិភាពមិនឲ្យបាត់បង់ ការពារឯករាជ្យ អធិបតេយ្យជាតិ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីៗដែលមានក្នុងដៃរហូតមកដល់បច្ចុប្បន្ន ជាពិសេសដូចជាថ្មីៗនេះដែលសម្ដេចតេជោបានសម្ពោធផ្លូវថ្មីជាច្រើនខ្សែ និងអាងចម្រោះទឹកស្អាត ដែលមានតម្លៃរាប់លានដុល្លារ។

ក្រោមអត្ថន័យ «ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍» នេះ គឺបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធជំនឿខ្មែរតាំងពីសម័យបុរាណ ក្នុងអត្ថន័យជាពរជ័យ ឬជាបណ្ដាសាផងដែរ ពីព្រោះបុព្វបុរសខ្មែរសម័យបុរាណនៅពេលដែលកសាង ឬសម្ពោធសមិទ្ធផលជាតិ តែងតែចារឹកជាពាក្យពរជ័យ និងបណ្ដាសា ក្នុងន័យប្រាប់ដល់កូនចៅជំនាន់ក្រោយថា ប្រសិនបើនរណាការពារសមិទ្ធផលនេះ នឹងបានទ្បើងឋានសួគ៌ តែផ្ទុយទៅវិញ ប្រសិនបើនរណាបំផ្លាញនឹងត្រូវចុះនរករហូតដល់អស់ព្រះចន្ទ និងព្រះអាទិត្យ។

ដូចនេះដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍ ជាតំណាងឲ្យភាពគង់វង្ស សន្តិភាព និងការការពារអ្វីៗដែលមាននាពេលបច្ចុប្បន្ន ក្នុងន័យថា បើនរណារក្សាសន្ដិភាព ឬសមិទ្ធផលផ្សេងៗដែលមានទាំងនេះនឹងបានទទួលពរជ័យទ្បើងឋានសួគ៌ តែផ្ទុយទៅវិញបើនរណាបំផ្លាញសន្ដិភាព គឺត្រូវចុះនរករហូតដល់អស់ព្រះចន្ទ និងព្រះអាទិត្យយ៉ាងដូច្នោះដែរ។

ទន្ទឹមនឹងនេះក៏បានឆ្លុះបញ្ចាំងនូវអត្ថន័យមានពីរផងដែរគឺ៖

ទី១៖ ន័យត្រង់ ចំពោះអ្នករក្សាសន្ដិភាព និងសមិទ្ធផលសព្វបែបយ៉ាងដែលបានកកើឡើង គឺត្រូវបានទទូលពរជ័យពីទេវតាតរៀងទៅ។
ទី២៖ ន័យធៀប ចំពោះអ្នកមានបំណងបំផ្លាញសន្ដិភាព ហើយរង់ចាំដឹកនាំប្រទេសគឺត្រូវរងចាំជារៀងរហូតយ៉ាងដូច្នោះដែរ។

លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ដើមឈើចាំស្នេហ៍ ដែលស្ថិតនៅតាមមហាវិថីឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាម ឆ្ពោះទៅកាន់ឆ្នេរអូរត្រេះ និងសិលាចាំស្នេហ៍ ដែលមានផ្ទាំងសិលាមួយផ្ទាំងធំនៅតាមបណ្តោយផ្លូវពេលធ្វើដំណើរពីលើទួលភ្នំចុះមកក្រោម ខេត្ដព្រះសីហនុនេះ គឺជាទីតាំងមានប្រវត្ដិសាស្រ្ដក្នុងព្រះនគរសម័យទំនើបនេះ។ បានសេចក្ដីថា បើគេមកដល់ទីតាំងនេះធ្វើឲ្យកន្ត្រាក់អារម្មណ៍នឹកឃើញភ្លាមថា «អូ! យើងមកដល់ទីតាំងសន្ដិភាពនៃព្រះនគរយើងហើយ»៕