(ភ្នំពេញ)៖ ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ដែលជាទឹកចិត្តសប្បុរសរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នឹងត្រូវប្រគល់ដល់រដ្ឋាភិបាលឡាវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះហើយ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកស្រី ឱ វណ្ណឌីន បានបន្តថា ពិធីប្រគល់ជំនួយទាំងនេះ គឺធ្វើឡើងនៅព្រំដែនកម្ពុជា-ឡាវ ត្រង់ចំណុចព្រំប្រទល់រវាងខេត្តស្ទឹងត្រែង-ខេត្តចម្ប៉ាស័ក ដោយភាគីកម្ពុជាដឹកនាំដោយលោកស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយលោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន ក្នុងនាមជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស។
គួរជម្រាបថា ក្នុងនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយថវិកាចំនួន១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសមិត្តមួយនេះ។ ជំនួយថវិកាទាំង១៣លានដុល្លារនេះ មាន៣លានដុល្លារជារបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតជារបស់ក្រុមហ៊ុនឯកជននៅកម្ពុជា។
ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន១១មុខផ្សេងទៀតជូនរដ្ឋាភិបាលឡាវ។ ម្យ៉ាងទៀត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ជំនួយវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕