(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» ដោយមានការអញ្ជើញ ចូលរួមពី លោក-លោកស្រី អនុប្រធានគណៈកម្មាធិការ សមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកសាខា មន្ត្រី យុវជន អ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋ អ្នករស់នៅជាមួយនឹងជំងឺអេដស៍, កុមារកំព្រាដែលឪពុកម្តាយស្លាប់ ដោយសារជំងឺអេដស៍សរុបប្រមាណ៩៥នាក់។

ពិធីនេះ ប្រព្រឹត្តទៅនៅក្នុងបរិវេនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

លោក ញ៉ែម សំអឿន បានពាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមកសម្តេចតែងតែ មានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅ ជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។

លោកក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយនឹងជំងឺអេដស៍, កុមារកំព្រាដែលឪពុកម្តាយស្លាប់ដោយសារជំងឺអេដស៍ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឲ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឲ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ កុំបន្ទោបង់ពាសវាលពាសកាល ហើយខិតខំបន្តបង្កបង្កើតផល ដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារបន្តទៀត។

ជាមួយគ្នានេះដែរលោក ក៏បានអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

១៖ សូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជនយុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក។
២៖ ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។
៣៖ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។
៤៖ ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
៥៖ ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
៦៖ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និង ជំងឺអេដស៍, សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃកម្មវិធីលោកប្រធាន និងសហការីបានចែកអំណោយមនុស្សធម៌ដល់ បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៥០នាក់ ដែលមកពីតាមបណ្តាស្រុកកូនមុំ, ស្រុកតាវែង, ស្រុកលំផាត់, ស្រុកបរកែវ, ស្រុកអូរជុំ និងក្រុងបានលុង ដែលក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ទឹកដោះគោឆៅ១យួរ, ជែលលាងដៃ១ដប និងថវិកាមួយចំនួនផងដែរ៕