(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិក-សមាជិកា សមាគមមនុស្សចាស់ ខណ្ឌចំការមន និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់សមាជិក-សមាជិកា សរុបចំនួន៥០នាក់ ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលស្ដីទីខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានសមាគមមនុស្សចាស់ខណ្ឌចំការមន នៅវត្តមណិរតនារាម ហៅវត្តទួលទំពូង។

តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង ដែលសម្ដេចទាំងទ្វេរ តែងតែបានរួមសុខរួមទុក្ខជាដរាប។

លើកឡើងក្នុងឱកាសនោះ លោកស្រី កែវ សាម៉ុល បានផ្ដាំផ្ញើសេចក្ដីនឹករលឹក ចំពោះប្រជាពលរដ្ឋ ដែលជាជនចាស់ជរា ជាបុព្វបុរស នៃក្មេងជំនាន់ក្រោយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ឃួង ស្រេង និងលោកស្រី ព្រមទាំងបានជូនពរប្រជាពលរដ្ឋ ឲ្យជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លង កាចសាហាវកូវីដ-១៩ ផងដែរ។

សូមបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរៀបចំពិធីប្រគល់ជូនរួមមាន៖ ក្នុងម្នាក់ទទួលបាន ថវិកា ៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះមានភួយ០១, អាវរងា ០១ និងក្រមា ០១ ផងដែរ៕