(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា សម្រាប់ប្រទេសដែលរងផលប៉ះពាល់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម និងបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍបណ្តាញជំនួយជនរងគ្រោះប្រកបដោយប្រសិទ្ធភាព។

លោកបានថ្លែងបែបនេះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការលើកកម្ពស់កម្មវិធីនៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ដែលសហការរៀបចំដោយអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្រោមកិច្ចគាំទ្រពីមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-Korea Cooperation Fund)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកដោយ លោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេដារូសាឡឹមប្រចាំនៅកម្ពុជា និងជាប្រធានគណៈកម្មាធិការនាយកនៃ ARMAC និងលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងមានអញ្ជើញចូលរួមតំណាងស្ថានទូតប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធដទៃទៀត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) សម្រាប់ការជួយឧបត្ថម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរស ដល់គម្រោងលើកកម្ពស់កម្មវិធី នៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អង្គពិធីអំពីផលវិបាកដែលកើតចេញពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជាថា «ទោះបីជាជម្លោះបានបញ្ចប់អស់រយៈពេលជាង ៣០ ឆ្នាំក៏ដោយ គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្រ្គាមនៅតែមាន រាំងស្ទះដល់ការអភិវឌ្ឍ បង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសម្លាប់ជនស៊ីវិលរាប់ពាន់នាក់»

លោក លី ធុជ បានបន្តទៀតថា ខណៈពេលដែលចំនួនអ្នកស្លាប់បាត់បង់ជីវិតត្រូវបានរាយការណ៍បានថយចុះបន្តិចម្តងៗ ផលវិបាកពីការផ្ទុះនៅតែបន្តបង្កផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងដល់សុខុមាលភាពរបស់អ្នករស់រានមានជីវិតពីកាកសំណល់សង្រ្គាម ហើយជារឿយៗ អ្នករស់រានមានជីវិតពីសំណល់ជាតិផ្ទុះម្នាក់ៗ នឹងប្រឈមមុខនឹងពិការភាពរាងកាយ និង/ឬបញ្ហាផ្លូវចិត្ត ដែលបណ្តាលឱ្យមានការថយចុះនូវទំនុកចិត្តលើខ្លួនឯង និងការគោរពខ្លួនឯងក្នុងការបញ្ចូលទៅក្នុងសង្គមវិញ។ ផលវិបាកទាំងនេះមិនត្រឹមតែជាបន្ទុកសម្រាប់អ្នកនៅរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏មានសមាជិកគ្រួសាររបស់ពួកគេដែលជាជនរងគ្រោះដោយប្រយោលផងដែរ។

ផលប៉ះពាល់នៃជម្លោះបានធ្វើឱ្យអ្នកនៅរស់រានមានជីវិតរាប់ពាន់នាក់ត្រូវការថែទាំវេជ្ជសាស្រ្តបន្ត ការស្តារនីតិសម្បទា ការគាំទ្រផ្នែកចិត្តសង្គម និងការសម្របសម្រួលដើម្បីជម្នះឧបសគ្គរាប់មិនអស់ក្នុងការទទួលបានសេវាចាំបាច់ ក៏ដូចជាសាលារៀន ការងារ និងជីវិតសហគមន៍។ ជាងនេះទៅទៀត តម្រូវការនៃការគាំទ្រ ជាពិសេសសម្រាប់ការគាំទ្រផ្នែកចិត្តសាស្រ្ត និងការការពារសង្គម សម្រាប់សមាជិកគ្រួសារជនរងគ្រោះទទួលបានការទទួលស្គាល់តិចតួចបំផុត និងទាមទារការយកចិត្តទុកដាក់បន្ថែមទៀតពីសង្គមជុំវិញពួកគេ ដើម្បីអាចទទួលបាននូវសេវាចាំបាច់គ្រប់គ្រាន់ ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

លោកបន្តទៀតថា ទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានផ្តោត និងធ្វើឱ្យប្រសើរឡើងជាបណ្តើរៗក៏ដោយ ក៏នៅតែមានគម្លាតក្នុងការទទួលបានសេវា និងការដាក់បញ្ចូលសម្រាប់ជនពិការទាំងអស់ ជាពិសេសអ្នកដែលជួបប្រទះបញ្ហាផ្លូវចិត្ត ពិការភាពច្រើន និងបញ្ហាសុខភាពផ្លូវចិត្ត។ លោកទេសរដ្ឋមន្រ្តី សង្ឃឹមថា កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះ នឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតទាំងនេះ និងកំណត់នូវចំណុចធាតុចូលសម្រាប់អ្នកធ្វើគោលនយោបាយ អង្គការសកម្មភាពមីន ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងភាពស៊ីសង្វាក់គ្នានៃការងារគាំទ្រជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនពិការផ្សេងទៀត ក៏ដូចជាជម្រុញការអនុវត្តជំនួយជនរងគ្រោះប្រកបដោយប្រសិទ្ធភាព។

តាមរយៈដំណើរការនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ ជឿជាក់យ៉ាងមុតមាំថា «យើងរួមគ្នា នឹងអាចសម្រេចបាននូវគោលដៅរួមរបស់យើង ក្នុងការចូលរួមភាពជាដៃគូ ដើម្បីបង្កើនប្រសិទ្ធភាពដល់ការគាំទ្រជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម និងចុងក្រោយនៅក្នុងតំបន់»