(ភ្នំពេញ)៖ នៅសណ្ឋាគារហ្គាឌិន ស៊ីធី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំកិច្ចប្រជុំវិបស្សនាស្តីពី «បច្ចុប្បន្នកម្ម នៃក្របខណ្ឌភាពជាដៃគូរវាងកម្ពុជា និងធនាគារពិភពលោក»។ កិច្ចប្រជុំនេះដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដោយមានការអញ្ជើញ ចូលរួមពីមន្រ្តីជាន់ខ្ពស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងធនាគារពិភពលោក និងសេដ្ឋវិទូជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក។

ជាកិច្ចចាប់ផ្តើមលោក វង្សី វិស្សុត បានជម្រាបអង្គវិបស្សនាថា កិច្ចប្រជុំថ្ងៃនេះ ដែលត្រូវបានរៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ពីអ្នកចូលរួមជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ លើគ្រប់វិស័យ ដោយសារកម្ពុជាសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងកម្រិតមួយដ៏ខ្ពស់។

ជាក់ស្តែង គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំងពីរដូសចំនួន ៨៣,៤៣% នៃប្រជាជនសរុប និង៨៨,៤១% នៃប្រជាជនសរុប សម្រាប់ការចាក់វ៉ាក់សាំងចំនួនមួយដូស។ លោកបានបន្តថា អង្គវិបស្សនារបស់យើងនឹងផ្តោតការពិភាក្សាបញ្ហាមួយចំនួនរួមមាន៖

*ទី១៖ ការវាយតម្លៃលើនិន្នាការក្នុងតំបន់ និងសកលលោក និងស្ថានភាពក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩, បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ
*ទី២៖ ការពិនិត្យ និងវាយតម្លៃទៅលើកាលានុវត្តភាព សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ, ការបណ្តុះបណ្តាលជំនាញ, ការបង្កើតឱកាសការងារ និងកិច្ចគាំពារសង្គម
*ទី៣៖ ការពិភាក្សាអំពីយុទ្ធសាស្ត្រ ដែលធនាគារពិភពលោកអាចផ្តល់ការគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលមធ្យមខាងមុខ។

កិច្ចពិភាក្សានេះ ក៏ផ្តោតផងដែរលើការបង្កើនគុណភាពនៃការរៀបចំគម្រោង និងប្រសិទ្ធភាព ក្នុងការអនុវត្តគម្រោង ដើម្បីកម្ពុជាទទួលបានផលពីគម្រោងអភិវឌ្ឍន៍ ឱ្យបានឆាប់រហ័សជាអតិបរមា និងកាត់បន្ថយចំណាយប្រតិបត្តិការ គម្រោងដែលមិនចាំបាច់ តាមដែលអាចធ្វើបាន ដើម្បីបង្កើនតម្លៃនៃលុយរបស់គម្រោង។

លោក វង្សី វិស្សុត បានបញ្ជាក់ថា «ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ មិនត្រឹមតែបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យប៉ុណ្ណោះទេ តែជំងឺកូវីដ-១៩ ក៏បានផ្លាស់ប្តូររបៀបរបបធ្វើការ, ការប្រកបមុខរបរ និងការរស់នៅរបស់មនុស្សជាតិ ស្ទើរតែគ្រប់ទិដ្ឋភាព ទាំងជាសង្គម និងសេដ្ឋកិច្ច។ ពិតណាស់ថា ការរស់នៅជាមួយកូវីដតាមគន្លងប្រក្រតីភាពថ្មី ត្រូវជួបប្រទះនូវបញ្ហា ប្រឈមជាច្រើន ក៏ប៉ុន្តែនេះក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យបន្តស្ថិតនៅក្នុងគន្លងនៃកំណើនខ្ពស់ឡើងវិញ ក្នុងល្បឿនលឿន ប្រកបដោយបរិយាប័ន្នផងដែរ។ ក្នុងន័យនេះ កម្ពុជាចាំបាច់ត្រូវដាក់ចេញ នូវគោលនយោបាយ និងយុទ្ធសាស្រ្តថ្មី ដើម្បីអាចសម្រប និងទទួលយកការរស់នៅតាមបែបគន្លងថ្មីនេះ។ ហើយកម្ពុជាសូមស្វាគមន៍ការគាំទ្រពីសំណាក់ធនាគារពិភពលោក ក្នុងភាពជាដៃគូ ដើម្បីជំរុញ និងស្តារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឡើងវិញ»

លោកក៏បានជម្រាបអង្គវិបស្សនាថា រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន៣ រួមមាន៖
*ទី១៖ ការងើបឡើងវិញ (Recovery) ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងរក្សាលំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធ្វើឱ្យសេដ្ឋកិច្ចអាចរស់រានបាន ព្រមទាំងដើម្បីស្តារមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ឱ្យអាចវិលត្រឡប់ទៅកាន់គន្លងនៃកំណើនខ្ពស់ឡើងវិញ។
*ទី២៖ ការកែទម្រង់ជារចនាសម្ព័ន្ធ (Reform) ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញនិងអភិវឌ្ឍឌីជីថលូបនីយកម្ម។ លោកបានសង្កត់ធ្ងន់ថា ការកែទម្រង់ គឺជាកិច្ចការដ៏ពិបាកបំផុត តែយើងក៏គ្មានជម្រើសអ្វីផ្សេងក្រៅពីនេះដែរ។
*ទី៣៖ ការលើកកម្ពស់ភាពធន់ (Resilience) ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា, វិស័យហិរញ្ញវត្ថុ ទាំងយន្តការឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត។

លោកបានបន្តទៀតថា វិប្សសនានាពេលនេះ ត្រូវបានរៀបចំស្របពេលនឹងច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២២ កំពុងបានអនុម័តដោយសភាជាតិរួចហើយ។ ថវិកាជាតិសរុបប្រមាណ ៨,៥ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៤,៧ ប៊ីលានដុល្លារអាមេរិក ជាចំណាយចរន្ត សម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និងថវិកាប្រមាណ ៣,៣ ប៊ីលានដុល្លារអាមេរិក សម្រាប់ចំណាយលើការវិនិយោគ។

លោកស្រី Mariam Sherman ក្នុងនាម WB បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលនាំឱ្យកម្ពុជាអាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញតាមគន្លងថ្មី។

ទន្ទឹមនេះ លោកស្រី Mariam Sherman ក៏បានមានប្រសាសន៍ផងដែរ ថា WB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការផ្តល់ហិរញ្ញ-ប្បទាន ឱ្យចំគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលទទួលរងប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩ និងរួមចំណែកស្តារសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលឡើងវិញ។

គួរបញ្ជាក់ដែរថា ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១ ធនាគារពិភលោកបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោង/កម្មវិធីសរុបចំនួន ១០៦ មានទឹកប្រាក់សរុបចំនួនប្រមាណ ២ ៥១២,៥៤ លានដុល្លារអាមេរិក។ គម្រោងកំពុងដំណើរការមានចំនួន ១៩ មានទឹកប្រាក់សរុបចំនួនប្រមាណ ១១៨១,៥២ លានដុល្លារអាមេរិក ក្នុងនោះ គម្រោងអនុវត្តដោយឆ្លងកាត់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលមានចំនួន ១៧ និងគម្រោងអនុវត្តផ្ទាល់ដោយដៃគូ និងអង្គការក្រៅរដ្ឋាភិបាល មានចំនួន០២។ គម្រោងដែលបានបញ្ចប់មានចំនួន ៨៧ ដែលមានទឹកប្រាក់សរុបចំនួន ១ ៣៣១,០២ លានដុល្លារអាមេរិក៕