(កោះកុង)៖ ផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចការសាងសង់បានប្រមាណ ៥៤.៨៩ភាគរយហើយ។ ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨.៧១គីឡូម៉ែត្រតភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង។

ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ផ្លូវជាតិលេខ១០ ត្រូវបានសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៣កន្លែងប្រវែង ១,៧២១.៤៦ម៉ែត្រ។ ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះ មានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥.៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវវាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែធ្នូ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែនិង ថាមពល អភិបាលនៃគណៈអភិបាល ខេត្តកោះកុង តំណាងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។

ក្នុងដំណើរចុះពិនិត្យនេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរយ៉ាងស្វិតស្វាញបំផុត ក្នុងការត្រួសត្រាយតម្រាយផ្លូវជាតិលេខ១០ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា នៅសម័យសង្គ្រាមតំបន់វាលវែងនេះ គឺជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក។ ប៉ុន្តែតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តំបន់នេះត្រូវបានធ្វើសមាហរណកម្ម ទាំងស្រុង និងបានប្រែក្លាយទៅជាដែនដីរដ្ឋបាលតែមួយនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានអភិវឌ្ឍ គ្រប់វិស័យជាបន្តបន្ទាប់ក្រោមម្លប់សន្តិភាព និងសេរីភាពពេញលេញ។

ផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕