(បាងកក, ថៃ)៖ លោក ប្រាវីដ វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិរបស់ថៃ និងជាប្រធានគណបក្សផ្លាំងប្រាឆារ៉ាត ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលថៃនោះ បានសន្យាទប់ស្កាត់ឱ្យខាងតែបាន ចំពោះជនទាំងឡាយដែលយកទឹកដីថៃធ្វើសកម្មភាពល្មើសច្បាប់ និងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

ការសន្យារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ បានធ្វើឡើងក្នុងពេលរូបទទួលការជួបសម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ។ ជំនួបនេះត្រូវបានធ្វើឡើងនៅផ្ទះលោក ប្រាវីដ វង្សសុវណ្ណ ផ្ទាល់តែម្តង ស្ថិតនៅក្នុងបន្ទាយកងទ័ព «រ.១»

កិច្ចពិភាក្សាដែលធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល និងយល់ចិត្តយល់ថ្លើមគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ និងលោកបណ្ឌិត សុខ សុក្រឹត្យា បានជជែកលើការងារជាច្រើនពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ លោក ប្រាវីដ បានផ្តាំផ្ញើសេចក្តីនឹករលឹក និងការសួរសុខទុក្ខចំពោះសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានរំលឹកអំពីទំនាក់ទំនងដ៏ល្អរវាងលោក ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត។

លោក ប្រាវីដ វង្សសុវណ្ណ ក៏បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័យលើគ្រប់វិស័យ។ លោកក៏បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលថៃ ក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើលោកឧបនាយករដ្ឋមន្ត្រីថៃ បន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការទប់ស្កាត់ក្រុមប្រឆាំងដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃ ដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនតាមព្រំដែនកម្ពុជា-ថៃផងដែរ។

ឆ្លើយតបសំណើនេះ ប្រាវីដ វង្សសុវណ្ណ បានសន្យាទប់ស្កាត់ឱ្យបានរាល់សកម្មភាពល្មើសច្បាប់ និងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីថៃ ដែលមានអតីតភាពជាមេទ័ពរូបនេះ បានអះអាងថា រូបលោកមិនអនុញ្ញាតឱ្យជនណាម្នាក់យកទឹកដីថៃ ទៅធ្វើសកម្មភាព្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមក ព្រមទាំងបានសម្រេចដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីប្រទេសធ្វើដំណើរមកប្រទេសថៃដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។ ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ និងសហការជួយសម្រួលបញ្ហាប្រឈមដល់ពលករខ្មែរចំណាកស្រុក និងនិស្សិតកម្ពុជាដែលស្នាក់នៅក្នុងប្រទេសថៃបានយ៉ាងល្អដូចប្រជាជនថៃផងដែរ។

ជាការកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ មានជនមួយចំនួនដែលធ្វើសកម្មភាពជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនប្រគល់មកសមត្ថកិច្ចរបស់កម្ពុជាជាបន្តបន្ទាប់៕