(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មដា ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំដែនខេត្តត្រាត របស់ថៃ។

ក្នុងដំណើរនេះមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ និងឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដែលកំពុងធ្វើការអភិវឌ្ឍនៅតំបន់នោះផងដែរ។

ច្រកព្រំដែនថ្មដា បាននិងកំពុងក្លាយជាតំបន់ដ៏ទាក់ទាញមួយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវជាតិលេខ៥៥ តភ្ជាប់ពីទីរួមខេត្តទៅតំបន់នោះ។ ជាពិសេសតំបន់ដែលមានអំណោយផលខ្ពស់លើការទេសចរណ៍បែបធម្មជាតិមួយនេះ បាននិងកំពុងអន្ទងអ្នកទេសចរឱ្យទៅលេងកម្សាន្តមិនដាច់នោះឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ តែងបានឆ្លងចូលទៅប្រទេសថៃតាមច្រកនេះ ដើម្បីដោះដូរទំនិញផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការចុះសិក្សា និងពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីឆ្លើយតបទៅ នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគដែលកំពុង ទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយ ច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។ ច្រកនេះមានទីតាំង ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

សូមបញ្ជាក់ថា ច្រកនេះគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោរប្រវេសន៍ អាគារគយនិងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញ ភ្ញៀវទេសចរសំដៅលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕