(ព្រះសីហនុ)៖ «ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជាដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ នៅក្នុងអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងសំណល់រឹងសំរាមនទីលានចាក់សំរាមរបស់ខេត្តព្រះសីហនុ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រង និងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល៥ឆ្នាំ ដោយមាន ៤រណ្តៅទំហំជាង ៥ហិកតា ដែលអាចកប់សំរាម ៧ស្រទាប់ និងមានកម្ពស់ ២១ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាមជិត ១លានតោន។

យោងតាមលោក នេត្រ ភក្ត្រា នៅក្នុងឆ្នាំ ២០២២ខាងមុខ ទីលានចាក់សំរាមដែលមានលក្ខណៈស្តង់ដារបច្ចេកទេស របៀបនេះយ៉ាងហោច៦ នឹងត្រូវដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះ ហើយគ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពតជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើការជាមួយដៃគូបន្ថែមទៀត ដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើមដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

លោក នេត្រ ភក្ត្រា បានលើកឡើងបន្ថែមថា គោលដៅរបស់រាជរដ្ឋាភិបាលធ្វើការគ្រប់គ្រងកាកសំណល់រឹង សំរាមឱ្យបានល្អ ដែលជាផ្នែកមួយនៃគោលនយោបាយជាតិហើយអ្វីដែលសំខាន់គឺ ក្រសួងបរិស្ថាននឹងបន្តផ្តល់ជំនួយបច្ចេកទេស បណ្តុះបណ្តាលសមត្ថភាពមន្ត្រីដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន។

ទាក់ទងនឹងបញ្ហាសំរាមនេះដែរ រដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា ក្នុងមួយថ្ងៃសំណល់សំរាមតែងបង្កើតឡើងមានជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំ សំណល់សំរាមមានប្រមាណ ៤លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ ដល់៤០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ភាគរយ គឺជាសំរាមសំណល់សរីរាង្គ, ២០ភាគរយ ជាសំណល់ប្លាស្ទិក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការញែកសំរាមតាមបច្ចេកទេស និងធ្វើការកែច្នៃទៅតាមប្រភេទរបស់ វាដើម្បីកាត់បន្ថយការយកសំណល់សំរាមមកទាំងអស់មកចាក់នៅលើទីលាន ព្រោះសំណល់សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងញែកតាមប្រភេទ និងយកទៅកែច្នៃ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងកំណើនសំរាមប្រចាំឆ្នាំចន្លោះពី១០ ទៅ ១៥% នោះអាចនឹងធ្វើឱ្យទីលានចាក់សំរាមដែលគ្រោងចាក់ រយៈពេល៥ឆ្នាំ ប្រែប្រួល និងអាចប្រើប្រាស់មិនបានគ្រប់ពេលវេលាកំណត់ ព្រោះកំណើនសំរាមកើនឡើង ហើយការដកហូតយកទៅកែច្នៃនៅមានកម្រិត។ សម្រាប់ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមនេះ ដោយសារខេត្តនេះជាខេត្តគោលដៅប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ពាក់ព័ន្ធការគ្រប់គ្រងសំណល់រឹងសំរាមនៅទីលានចាក់សំរាមខេត្តព្រះសីហនុនេះដែរ លោក ហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានសំរាមទីប្រជុំជន នៅខេត្តព្រះសីហនុ បានលើកឡើងថា ទីលានចាក់សំរាមអូរតាសេក ក្នុងខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ សំរាមដែលប្រើប្រាស់ចោល ផ្អែកតាមការគណនាស្ថានភាពជាក់ស្តែងបរិមាណសំរាម យកមកចាក់ទីលានក្នុងរយៈពេល ២៥ថ្ងៃ (ចាប់ពីថ្ងៃទី០៥-៣០ ខែវិច្ឆិកា) មានចំនួន ១០,៥៧៤តោន ដែលគិតជាមធ្យម មានសំរាមប្រមាណ ៤០០តោន ក្នុងមួយថ្ងៃដែលយកមកចាក់នៅលើទីលាន ហើយសំរាមទាំងនេះ គឺមិនមែនមកតែពីក្រុងព្រះសីហនុនោះទេវាក៏មកពីស្រុកព្រៃនប់ ដែលអនុវត្តប្រតិបត្តិករចំនួនពីរក្រុមហ៊ុន។

លោកបានឱ្យដឹងបន្ថែមថា នៅទីលានចាក់សំរាម ក្នុងខេត្តនេះ ក្រៅពីកន្លែងទុកដាក់សំរាមប្រកបដោយស្តង់ដាហើយ គេនៅធ្វើការបែងចែកត្រឹមត្រូវដោយក្នុងនេះប្រភេទសំរាមនីមួយៗ គេអាចយកទៅកែច្នៃ ប្រើប្រាស់តាមប្រភេទរបស់វានីមួយៗថែមទៀត៕