(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានទស្សនវិជ្ជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ក្នុងញត្តិគាំទ្រ បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានគូសបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព សក្តានុពល និងទេពកោសល្យខ្ពស់ មានគុណធម៌ សីលធម៌ល្អ ទទួលបានការកោតសរសើរ និងគោរពស្រឡាញ់ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាជនទូទៅ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

បណ្ឌិតសភាចារ្យ ខ្លូត ធីតា បន្ថែមថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕