(បន្ទាយមានជ័យ)៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណោម បានលើកឡើងថា បេក្ខជនឈរឈ្មោះបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុង គណបក្ស ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) ត្រូវផ្ដោតលើលក្ខណ:សម្បត្តិ ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់ សុខភាពល្អ មានសមត្ថភាព ចំណេះដឹង ក្នុងការបំពេញតួនាទី-ភារកិច្ច ជូនប្រជាជននៅមូលដ្ឋានបានល្អប្រសើរ និងមានសីលធម៌ល្អ ប្រជាប្រិយភាព ទទួលបានពីបក្ស និងប្រជាជន។

នៅទីស្នាក់ការគណបក្សប្រជាជនឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក សាំង សាវ៉ាត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោមលោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំចំណោម និងប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង១៨ ចំណែកអង្គបោះឆ្នោតមកចូលរួមបោះចំនួន២០០នាក់។

លោក បោន ប៊ិន បានបញ្ជាក់ទៀតថា បេក្ខជនដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) នៅទីស្នាក់ការគណបក្សប្រជាជនឃុំចំណោមមានចំនួន២៨នាក់។

នៅក្នុងឱកាសនោះលោក បោន ប៊ិន បានកោតសរសើរដល់គណៈបញ្ជាការឯកភាពឃុំចំណោមកន្លងមក បានខិតខំរួមគ្នាសម្រេចបាន នូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេសេដ្ឋកិច្ចសង្គមបានល្អប្រសើរឆ្ពោះទៅមុខផងដែរ។

ទន្ទឹមនឹងលទ្ធផលនេះ លោក បោន ប៊ិន បានឲ្យគណៈបញ្ជាការឯកភាពឃុំចំណោមបន្តការងារចុះមូលដ្ឋានត្រូវខិតខំ បន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ តាមរយៈនៃការផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ រួមមាន ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានាផងដែរ។

ពិសេសត្រូវក្រើនរំលឹកបន្ថែមសូមឲ្យបងប្អូនមន្ត្រីរួមទាំងប្រជាពលរដ្ឋ មានស្មារតីចូលរួមការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យបានធូរស្បើយ វិលទៅសភាពធម្មតាវិញ បានជាពិសេស គឺត្រូវអនុវត្តតាមវិធានសុវត្ថិភាព គឺ «៣ការពារ ៣កុំ» និងត្រូវតែមានការចូលរួមប្រុងប្រយ័ត្នឲ្យបានជាប្រចាំ៕