(ខេត្តឧត្តរមានជ័យ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្របនឹងបរិបទកូវីដ១៩ បានចុះផ្សព្វផ្សាយអប់រំបន្តពីវិធានការពារ ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានណែនាំ រួមទាំងផ្តល់សម្ភារការពារទប់ស្កាត់ជាដើម។

ដោយថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា, លោកឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងសមាជិក សមាជិកា បានប្រគល់ជែលលាងដៃចំនួន ៧១២កេស (ស្មើនឹង ១១,៣៩២ដប) ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អនុសាខាទាំង៥ក្រុង-ស្រុក (ក្រុងសំរោង ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ) មន្ទីរពេទ្យបង្អែកចំនួន២ និងមណ្ឌលសុខភាពទាំង៣៧ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែង ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក ចេញចូលទៅធ្វើការនៅប្រទេសថៃតាមច្រកព្រំដែន។

លោកស្រីអគ្គលេខាធិការបានបន្ថែមទៀតថា ទោះបីជាកម្ពុជាមានការធូរស្រាលពីជំងឺកូវីដ-១៩នេះមែន ប៉ុន្តែសូមមេត្តាបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខភិបាលឲ្យបានខ្ពស់ជាងមុន ព្រោះប្រទេសជិតខាងរបស់យើងនៅមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើននៅឡើយ។

ជាមួយគ្នានេះលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តឧត្តរមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខុមាភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ដើម្បីតបស្នងនូវគុណដ៏ថ្លៃថ្លានេះ ប្រជាពលរដ្ឋទាំងអស់ សូមប្តេជ្ញាចិត្តខិតខំពុះពារ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែយកឈ្នះឱ្យខានតែបានក្នុងទប់ស្កាត់ការចម្លងបន្តជំងឺកូវីដ-១៩នេះ និងសូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោក ប្រទាននៅពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕