(ភ្នំពេញ)៖ អ្នកជំនាញផ្នែកច្បាប់ និងហិរញ្ញវត្ថុមួយរូបមកពីសហរដ្ឋអាមេរិក គឺលោក Scott Bolls បានលើកឡើងថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឮសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដែលបានសម្តែងចេញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ពេលអនាគត»។

លោក Scott Bolls ដែលបច្ចុប្បន្នកំពុងបំពេញការងារ និងវិនិយោគនៅកម្ពុជា បានថ្លែងយ៉ាងដូច្នេះទៀតថា «ផ្អែកលើបទពិសោធន៍នៃការរស់នៅ និងធ្វើការប្រកបដោយក្តីពេញចិត្តនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ខ្ញុំចង់បង្ហាញនូវការដឹងគុណ និងលើកទឹកចិត្តដោយស្មោះចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតនៅកម្ពុជាសម្រាប់ថ្ងៃអនាគត»។

អ្នកជំនាញអាមេរិករូបនេះបានបន្តទៀតថា «ខ្ញុំសូមថ្លែងនូវអំណរគុណ ចំពោះឱកាសក្នុងការរស់នៅ ធ្វើការ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ខ្ញុំពិតជាសប្បាយចិត្ត ដែលបានមើលឃើញនូវភាពរីកចម្រើន និងសូមអបអរសាទរដល់ប្រជាពលរដ្ឋកម្ពុជា ចំពោះទស្សនវិស័យ និងការតស៊ូព្យាយាមក្នុងការបន្តកសាង ប្រទេសកម្ពុជា ឱ្យក្លាយជាអ្នកនាំមុខនៅតំបន់អាស៊ាន សម្រាប់ជំនាន់ក្រោយៗទៀត»

ជាចុងបញ្ចប់, លោក Scott Bolls បានលើកឡើងថា «ជូនពរប្រជាជនកម្ពុជាទាំងឡាយ និងអ្នកជំនាន់ក្រោយជាទីស្រឡាញ់, ខ្ញុំពិតមានមោទនភាពចំពោះអ្នក និងសូមអបអរសាទរ!!!»