(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូនេះបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានប្រកាសគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព ទេពកោសល្យ និងគុណធម៌ ដោយទទួលបានការសិក្សានៅសាកលវិទ្យាល័យល្បីឈ្មោះជាច្រើន នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ពោលគឺការបណ្តុះបណ្តាលនៅបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក (United States Military Academy West Point) និងទទួលបានសញ្ញាប័ត្របណ្ឌិតពីសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ឯកឧត្តម ជានាយទាហាន ដែលមានភាពហ្មត់ចត់ បញ្ញាញាណ សុភវិនិច្ឆយ និងវិន័យខ្ពស់ ដោយបានបម្រើការងារនៅក្នុង កងយោធពលខេមរភូមិន្ទ រហូតបានក្លាយជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

សាលាដ៏ល្អបំផុតដែល ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លងកាត់ គឺការទទួលបានការបណ្តុះបណ្តាល តម្រង់ទិស និងផ្តល់បទពិសោធន៍ជាក់ស្តែងក្នុងការដឹកនាំប្រទេសពីឪពុករបស់ឯកឧត្តមផ្ទាល់ គឺ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជា មហារដ្ឋបុរសខ្មែរដ៏ឆ្នើមបំផុត ដែលបាននិងកំពុងដឹកនាំកម្ពុជា ឲ្យទទួលបានសន្តិភាពពេញលេញ ការអភិវឌ្ឍ និងការរីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តែងទទួលបានការគោរព និងស្រលាញពីសំណាក់ប្រជាជន ជាទូទៅមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ សេចក្តីថ្លែងការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺចំពេលដែលសមស្រប និងត្រឹមត្រូវបំផុត ពោលគឺជាពេលវេលាដែលថ្នាក់ដឹកនាំជំនាន់ក្រោយ ត្រៀមខ្លួនទទួលខុសត្រូវកាន់តែខ្ពស់លើជោគវាសនាប្រទេសជាតិ។

ធ្វើនៅទីក្រុងហ៊ូចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១
ប្រាក់ សុខុន