(ភ្នំពេញ)៖ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តចេញមកវាយប្រហារ ទណ្ឌិត សម រង្ស៉ី បន្ថែមទៀត ដោយលើកនេះកូនស្រីអតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានប្រដូចលោក សម រង្ស៉ី ថាជាប្រភេទមនុស្សទុច្ចរិត ឬឡឺកឺ។

សំណេររបស់ កញ្ញា កឹម មនោវិទ្យា ធ្វើឡើងបន្ទាប់ពីយល់ថា លោក សម រង្ស៉ី ជាអ្នកនយោបាយ ដែលការនិយាយស្តីនិងទង្វើ ត្រឡប់ត្រឡិនមិនស៉ីសង្វាក់គ្នា។ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន កូនស្រីច្បងលោក កឹម សុខា បានរៀបរាប់ព្រឹត្តិការណ៍ពីមុនមួយចំនួន ដែលជាអំណះអំណាងថា លោក សម រង្ស៉ី ជាប្រភេទមនុស្សទុច្ចរិត ឬឡឺកឺនោះ។

កញ្ញា កឹម មនោវិទ្យា បានសរសេរលើ Facebook ដូចខាងក្រោមនេះ៖

* តាំងពីឆ្នាំ ២០០៧ មកលោក សម រង្សី និងក្រុមគាត់តែងលើកឡើងថា លោក កឹម សុខា ជាអាយ៉ងបក្សកាន់អំណាច ឬជាគិញយួនតែម្តង។

* ក្រោយការបោះឆ្នោតឆ្នាំ២០០៨ ពួកគេបន្តការចោទប្រកាន់ទាំងនេះ និងបន្ថែមថា បក្សសិទ្ធិមនុស្សប្រៀបដូចជា «កូនដើមឈើតូចមួយសម្រាប់ឆ្កែនោមដាក់» នេះជាសំដីថ្នាក់ដឹកនាំកំពូលដ៏ខ្ពង់ខ្ពស់គឺលោក សម រង្សី។

* ក្នុងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១២ បក្ស សម រង្សី ត្រូវបានបាត់បង់កៅអី មេឃុំ ៦ និង ក្រុមប្រឹក្សាឃុំចំនួន ៥០៥ រូប។

* ក្រោយមក ក្នុងឆ្នាំ២០១២ដដែល បក្ស សម រង្សី និង បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ។

* ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានធ្វើមហាយុទ្ធនាការឃោសនាទូទាំងប្រទេស ដែលទទួលការគាំទ្រលើសលប់ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្រុមប្រឆាំងពីមុន។ ពេលនោះ លោក សម រង្សី បានកំពុងរស់នៅដោយក្តីអស់សង្ឃឹមនៅក្រុងប៉ារីស។ ប្រហែល ១អាទិត្យមុនពេលបោះឆ្នោត លោក សម រង្សី បានអង្វរសុំទោសមេបក្សកាន់អំណាច គេក៏ឲ្យចូលស្រុកវិញ។ សន្ទុះដ៏មហិមា នៃមហាយុទ្ធនាការឃោសនាគណបក្សសង្គ្រោះជាតិដែលបាននឹងកំពុងរីករាល ១ខែមកហើយ បានផ្សព្វផ្សាយរៀបចំផ្តល់មហាកិត្តិយសក្នុងការទទួលលោក សម រង្សី ដែលយុវជនភាគច្រើនមិនដែលស្គាល់ពីមុនមក។

* ថ្ងៃ២៧ វិច្ឆិកា ២០២១ ភាគីលោក សម រង្សី ធ្វើសមាជបក្សភ្លើងទៀន ជាផ្លូវការនៃយុទ្ធនាការដ៍មោទនភាពមួយដែលគេហៅថា «តោះយើងត្រឡបទៅផ្ទះចាស់វិញ»។

* ថ្ងៃ ២៨ វិច្ឆិកា ២០២១ គេចោទផង គំរាមផង ថាលោក កឹម សុខាបែកពីសង្រ្គោះជាតិ និង ប្រើឃោសនាការដដែលៗដែលគេប្រើតាំងពីឆ្នាំ២០០៧ ដូចជាថា គាត់បម្រើបក្សកាន់អំណាច គាត់ខ្លាចបក្សកាន់អំណាច (ទោះជាគាត់ហ៊ានជាប់ពន្ធនាគាពីរដងហើយក៏ដោយ) គាត់គ្មានប្រជាប្រិយភាពទេ សរុបគឺគាត់មិនមានតម្លៃទេ។

ក្រៅពីរៀបរាប់ព្រឹត្តិការណ៍ខាងលើនេះរួច កញ្ញា កឹម មនោវិទ្យា បានដាក់សំណួរជាច្រើនទៀតថា៖

* ហេតុអ្វីលោក សម រង្សី និងក្រុម រួបរួមជាមួយអាយ៉ងបក្សកាន់អំណាចរូបនេះ តាំងពី២០១២ម៉្លេះ?

* ហេតុអ្វីលោក សម រង្សី និងក្រុម កំពុងដេកព្រួយជំនួសលោក កឹម សុខាថាគាត់នឹងធ្លាក់ប្រជាប្រិយភាពបើគ្មាន សម រង្សី?

* ហេតុអ្វីលោក សម រង្សី និងក្រុម មិនព្រលែងមនុស្សម្នាក់ដែលគ្មានប្រជាប្រិយ គ្មានសមត្ថភាព និងគ្មានតម្លៃចោលទៅ?

* តើនេះ មានន័យថា ការឃោសនាលោក សម រង្សី និងក្រុមធ្វើមកលើ លោក កឹម សុខា តាំងពី ២០០៧ មកដល់ពេលនេះជាអំពើទុច្ចរិត មួលបង្កាច់ ក្នុងបំណងបំបាក់លោក កឹម សុខា ដោយភាពច្រណែនរបស់លោក សម រង្សី ? ឬក៏មានន័យថា លោក សម រង្សី ជាអ្នកនយោបាយ ឡឺកឺ ដែលការនិយាយស្តីនិងទង្វើ ត្រឡប់ត្រឡិនមិនស៉ីសង្វាក់គ្នា។

សូមជម្រាបថា លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។

សារមួយនេះ ត្រូវបានលោក សម រង្ស៉ី ចោទប្រកាន់ថា ធ្វើឡើងបន្ទាប់ពីមានសម្ពាធ ហើយមិនកើតឡើងដោយឆន្ទៈ លោក កឹម សុខា។ ប៉ុន្តែភ្លាមៗនោះ កញ្ញា កឹម មនោវិទ្យា ក៏បានចេញមកឆ្លើយតបចំពោះលោក សម រង្ស៉ី ថា ឪពុករបស់កញ្ញា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។

លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា ថែមទាំងបានចេញមុខរិះគន់ លោក សម រង្ស៉ី ដែលបន្តបំភ្លៃនេះថា ជា «មនុស្សមិនចេះអៀនខ្មាស់ និងឡប់គ្រឿង»។ លោកបានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៉ី ដែលធ្វើមិនយល់អំពីការប្រកាសរបស់ លោក កឹម សុខានោះ គឺជារឿងគួរឱ្យអស់សំណើចបំផុត។

អតីតប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានបញ្ជាក់ផងដែរថា លោកមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៉ី និង ក្រុមនោះឡើយ៕