(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ទំនាក់ទំនង រវាងបណ្តាប្រទេសមហាសមុទ្រឥណ្ឌា និងសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសពេលកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។

នេះជាការលើកឡើងរបស់ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ពេលថ្លែងសុន្ទរកថា សន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម នៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងទៅវិញទៅមករវាងបណ្ដាប្រទេសមហាសមុទ្រឥណ្ឌា និងអាស៊ាន ជាពិសេសនៅពេលដែលកម្ពុជានឹងទទួលតួនាទីដ៏សំខាន់ជាប្រធានអាស៊ានចាប់ពីខែមករា ឆ្នាំ២០២២ ដើម្បីយើងទាំងអស់គ្នាអាចកសាងភាពសុខដុមរមនា សន្តិភាព ចីរភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល»

សន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ ត្រូវបានរៀបចំដោយរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម និងមូលនិធិឥណ្ឌា (India Foundation) ក្រោមប្រធានបទ «មហាសមុទ្រឥណ្ឌា៖ អេកូឡូស៉ី និងជំងឺរាតត្បាត» ដែលជាប្រធានបទសមស្រប និងត្រឹមត្រូវតាមកាលៈទេសៈនៅក្នុងប្រវត្តិសាស្ត្រ នៅពេលដែលភពផែនដីកំពុងប្រយុទ្ឋតស៊ូទប់ទល់និងជំងឺកូវីដ-១៩ និងសំណុំផលវិបាកដែលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះដែរ បើតាមលោក អ៊ុច បូររិទ្ធ បានថ្លែងទៀតថា មហាសមុទ្រឥណ្ឌា គឺជាទីតាំងផ្លូវសមុទ្រសំខាន់ៗ ដែលតភ្ជាប់មជ្ឈឹមបូព៌ា អាហ្វ្រិក និងអាស៊ីបូព៌ាជាមួយអឺរ៉ុប និងអាមេរិក។ ផ្លូវសមុទ្រសំខាន់ៗអស់ទាំងនេះ បានសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមសមុទ្រនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ផ្ទុកប្រេងលើសពីពាក់កណ្តាលនៃពិភពលោក និងជាម្ចាស់ផ្ទះកំពង់ផែចំនួន ២៣ ក្នុងចំណោមកំពង់ផែកុងតឺន័រកំពូលទាំង១០០ នៅក្នុងពិភពលោក។

ដោយវិបត្តិកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងមានភាពធូស្រាលក្នុងពេលដ៏ខ្លីខាងមុខនោះ លោក អ៊ុច បូររិទ្ធ បានថ្លែងជាទស្សនៈបន្ថែមថា ការលើកកម្ពស់ប្រក្រតីកម្មនៃលំហូរពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ស្របតាមការផ្លាស់ប្តូរពិភពលោក គឺជាកិច្ចការសំខាន់និងបន្ទាន់សំដៅស្តារ និងលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។

«ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៉ីនសំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន។ ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ខ្ញុំយល់ឃើញថា តំបន់មហាសមុទ្រឥណ្ឌាត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពង្រឹងបន្ថែមទៀតនូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម»។ នេះបើតាមលោក អ៊ុច បូររិទ្ធ។

លើសពីនេះ ការសម្របខ្លួនទៅនឹងភាពធម្មតាថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបដិវត្តន៍ឧស្សាហកម្មទី ៤ ឱ្យដល់កម្រិតអតិបរមា ដើម្បីបង្កើតសសរស្តម្ភកំណើនថ្មីមួយ ប្រកបដោយភាពធន់៕