(​ប្រេ​ស៊ីល​)៖ ប្រធានាធិបតី​ប្រេ​ស៊ីល​លោកស្រី ឌី​ល​ម៉ា រួសេ​ហ្វ (Dilma Rousseff) បាន​ថ្លែងថា លោកស្រី​គឺជា ជនរងគ្រោះ ដោយសារ​ការ​រុកគួន​ពី​បក្ស​ពួកក្បត់ ដែល​តែងតែ​ប្រឆាំង​លោក​ស្រី ហើយ​លោក​ស្រី​ក៏ បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ប្រយុទ្ធប្រឆាំង​ចំពោះ​ការចោទប្រកាន់​ទាំងឡាយ​ផង​ដែរ​។ នេះ​បើ​តាម​ការចេញផ្សាយ មុន​នេះ​បន្តិច​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦​។​

​បន្ទាប់ពី​បាន​ចាញ់ឆ្នោត​ក្នុង​សភា កាលពី​ថ្ងៃ​ចន្ទ​នោះ លោកស្រី រួសេ​ហ្វ បាន​ចេញ​មុខ​ថ្លែង​សារ ទៅ​ប្រជាជាតិ​ប្រេ​ស៊ីល​ជា​លើកដំបូង​នៅ​ថ្ងៃនេះ ដូច្នេះ​ថា «​វា​មិនមែន​ជា​ការចាប់ផ្តើម​ទៅរក ទីបញ្ចប់​នោះ​ទេ​។ យើង​កំពុងតែ​ចាប់ផ្តើម​ធ្វើការ​ប្រយុទ្ធ​ដ៏​យូរអង្វែង​មួយ​។ ពួកគេ​កំពុង​បង្កើត សុបិន្ត​ដ៏​ឈឺចាប់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ពួកគេ​គ្មាន​សង្ឃឹមថា​នឹង​បាន​ឃើញ​ខ្ញុំ​ដួល​រលំ​នោះឡើយ ពីព្រោះថា ប្រជាធិបតេយ្យ​នៅ​តែ​ជា​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ​របស់​យើង​ជា​និច្ច​»​។​

​គួរបញ្ជាក់​ថា​លោកស្រី ឌី​ល​ម៉ា រួសេ​ហ្វ ត្រូវបាន​ក្រុមប្រឆាំង​ចោទប្រកាន់ថា​បាន ប្រព្រឹត្ត​អំពើ​ពុករលួយ និង កេងចំណេញ នយោបាយ​យ៉ាង​សម្បើម តាមរយៈ​ការ​ថ្លែង​តាម​បណ្តាញ​សង្គម​ដោយ​លោកស្រី​ប្រធានាធិបតី កាលពី​ពេល​ថ្មីៗ​នេះ​ថា អធិបតេយ្យភាព​របស់​ប្រទេសប្រេ​ស៊ីល ក៏ដូចជា​ឆន្ទៈ​របស់​ប្រជាជន កំពុងស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ ជាពិសេស​គឺ​សមិទ្ធិផល​សង្គម និង សិទ្ធិ​របស់​ប្រជាជន​គ្រប់ៗ​រូប​៕​