(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍ផ្លូវការស្ដីពី លទ្ធផលនៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

ក្នុងរបាយការណ៍នេះបានបញ្ជាក់នូវខ្លឹមសារលម្អិតដូចខាងក្រោម៖

* ក៖ ខេត្តកំពង់ឆ្នាំង

*ទី១៖ ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

*ទី២៖ ដកហូតដីរដ្ឋទំហំ ២.១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹកដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ អបក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចមានផែនទីបង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់មកជាមួយ។

*ទី៣៖ ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក តាមស្មារតី នៃអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

*ទី៤៖ ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ។

*ទី៥៖ ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹកដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

*ទី៦៖ ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។

*ខ៖ ខេត្តកំពង់ធំ

*ទី១៖ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។

*ទី២៖ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំអង្គភាពជំនាញរៀបចំរបាយការណ៍ មានផែនទី និងនិយាមកា ដើម្បីលើកសំណើជូនក្រសួងធនធានទឹកនិងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ ស្ថិតក្នុងភូមិសាស្ត្រដែលមានការប៉ះពាល់។

*ទី៣៖ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ធំ បន្តចាត់វិធានការការពារ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋនៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាបដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

*ទី៤៖ ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាបនិងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តលិខិតលេខ១០០៣ សជណ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ និងលិខិតលេខ១០៤៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល។

ដីដែលកាត់ធៀលជូនប្រជាពលរដ្ឋត្រូវរក្សាទុកជូនប្រជាពលរដ្ឋដូចក្នុងចំណុចទី៤៕