(បន្ទាយមានជ័យ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ហើយស្របនឹងវិបត្ដិសកលលោកនេះ កាកបាទក្រហមកម្ពុជា បានបន្ដចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងផ្ដល់ជាសម្ភារសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់មន្ដ្រីជួរមុខទូទាំង២៥រាជធានី-ខេត្ដផងដែរ។

ជាក់ស្ដែងជិតមួយសប្ដាហ៍មកនេះ កាកបាទក្រហមកម្ពុជា បានបន្ដចុះចែកនូវសម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ទើរតែទូទាំងខេត្ដហើយ។ ដោយឡែក៣ថ្ងៃមកនេះ គឺចាប់ពីថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចុះនាំយកអំណោយមនុស្សធម៌ជាជែលលាងដៃ និងសម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩ផ្សេងទៀត យកទៅចែកជូនដល់មន្ដ្រីសាខាកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាដើម។ ដោយថ្ងៃនេះ គឺមានជែលលាងដៃ ចំនួន៧៤០កេស ប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី និងមន្ទីរពេទ្យបង្អែកក្រុង/ស្រុកចំនួន៨ទៀត ដែលពិធីប្រគល់ និងទទួលធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌ ទាំងនៅក្នុងសាខា និងអនុសាខាក្រុង/ស្រុក។ ជាមួយនេះ ក៏សូមថ្លែង អំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំសាខា ពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលជាវីរជនជួរមុខ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

ទន្ទឹមនេះ លោកស្រីអគ្គលេខាធិការ បានជូនពរដល់ថ្នាក់ដឹកនាំ សាខា អនុសាខា និងបុគ្គលិកសុខាភិបាលទាំងអស់ សូមមានសុខភាពល្អរឹងមាំ និងចៀសផុតពីជំងឺដង្កាត់នានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅ ដល់អ្នកជំងឺទាំងឡាយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនីមួយៗ។

លោកស្រីក៏បានផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលនីមួយៗ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងបន្ថែមពីវិធានការនានា ដើម្បីការពារការចម្លងមេរោគកូវីដ១៩ ព្រោះថាយើងទាំងអស់គ្នា អាចភ្លេចកូវីដ១៩ តែកូវីដ១៩មិនដែលបំភ្លេចយើងទេ ឲ្យតែយើងភ្លេចខ្លួន ឬធ្វេសប្រហែសតែបន្តិច យើងអាចបាត់បង់ជីវិតដោយសារវាបាន ព្រោះវាជាសត្រូវគ្មានរូបរាង ដូច្នេះយើងទាំងអស់គ្នា ត្រូវចូល រួមអនុវត្តនូវវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ព្រមជាមួយគ្នានោះ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ មកដល់ពេលនេះ ជាលើកទី៣ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់សម្ភារអនាម័យ មានជាអាល់កុល និងជែលដល់សាខាខេត្ត ដែលជាខេត្ដមានតម្រូវការខ្ពស់ ដោយសារតែជាប់ច្រកព្រំដែន ហើយមានប្រជាពលរដ្ឋ ធ្វើការចំណាកស្រុកច្រើនប្រឈមនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាជែលលាងដៃ ចំនួន៧៤០កេស ដែលប្រគល់ជូននាពេលនេះ គឺត្រូវបានបែងចែកសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចំនួន២៩០កេស ដែលក្នុងចំនួននេះ នឹងត្រូវបន្តបែងចែកដល់អនុសាខាក្រុង/ស្រុក និងវិទ្យាល័យគោលដៅមួយចំនួនផងដែរ។ ដោយឡែកសម្រាប់មន្ទីរពេទ្យចំនួន៩ ក្នុងនោះមាន មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី, មន្ទីរពេទ្យបង្អែកសិរីសោភ័ណ, មន្ទីរពេទ្យបង្អែកអូរជ្រៅ, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, មន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព, មន្ទីរពេទ្យបង្អែកស្វាយចេក, មន្ទីរពេទ្យបង្អែកថ្មពួក, មន្ទីរពេទ្យបង្អែកភ្នំស្រុក និងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ក្នុងមន្ទីរពេទ្យនីមួយៗទទួលបានជែលលាងដៃ ចំនួន៥០កេស។ ចំណែកមន្ដ្រីសុខាភិបាលខេត្ដ ទទួលបាននូវអាវពេទ្យចំនួន១០០ឈុតផងដែរ៕