(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដោយមន្ត្រីរាជការមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីក្រុងពាលីដំណើរការសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីទុកជាសម្បត្ដិវប្បធម៌ទេសចរណ៍ប្រវត្តិសាស្រ្ត។

លោក អ៊ុន ចាន់ដា បានថ្លែងថា ការរៀបចំសាងសង់វិមានឯករាជ្យខេត្តកំពង់ចាមនេះ ដើម្បីជាកន្លែងប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃជាប្រវត្តិសាស្រ្ត នៃការអបអរសាទរបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យពីអនានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទន្ទឹមនឹងនេះសំណង់វិមានឯករាជ្យមួយនេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណភាពក្នុងក្រុងកំពង់ចាម មួយផ្នែកធំផងដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលមកកំសាន្តនៅខេត្តកំពង់ចាម ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អទៅដោយសួនច្បារ លើកកម្ពស់សោភ័ណភាព នឹងក៏សម្រាប់ឈានទៅប្រលងត្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ។

បន្ថែមពីនេះទៀត លោកបានបញ្ជាក់ថា សំណង់វិមានឯករាជ្យចាប់ផ្ដើមសាងសង់ក្នុងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ដោយដាក់ផែនការឲ្យជាងសាងសង់ឲ្យរួចរាល់ ក្នុងរយៈពេលមួយឆ្នាំ។ លុះដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរខេត្តនឹងរៀបចំប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជាតិហើយយកថ្ងៃនោះធ្វើពិធីសម្ពោធសំណង់ វិមានឯករាជ្យនេះតែម្ដង៕