(ភ្នំពេញ)៖ យោងតាមការស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ និងតាមការទទូចពីប្រជាពលរដ្ឋភូមិ១១ និងភូមិ១២ ផងនោះ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានសហការជាមួយនាយកដ្ឋានសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានសង្កាត់ខណ្ឌ បានចុះចាប់សត្វស្វាកាចៗ ដែលបង្កអុកឡុក ដេញខាំកូនចៅប្រជាពលរដ្ឋនៅក្នុងភូមិ១១ និងភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបញ្ជាក់ថា តាមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតាមការណែនាំរបស់លោកប្រធានមន្ទីរ, លោកដឹកនាំមន្ត្រីជំនាញ និងរួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាប់ស្វាដែលកាចៗ យកចេញកុំឲ្យបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះចាប់សត្វស្វាដែលកាចៗ នាពេលនេះ មន្ត្រីក្រុមការងារ អាជ្ញាធរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗតំបន់ស្វាអុកឡុកនោះ កុំមានការភិតភ័យ ព្រោះមន្ត្រីបានចុះចាប់សត្វស្វាទាំងយកទៅ ព្រលែងនៅមណ្ឌលថែទាំសត្វពករៃ ដោយសុវត្ថិភាព។ សូមបងប្អូនរស់នៅដោយក្តីសុខសប្បាយ។

សត្វស្វាដែលមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ ចុះចាប់យកទៅព្រលែងនៅសួនសត្វភ្នំតាខ្មៅមានជិត២០ក្បាល និងបន្តចុះចាប់ជាបន្តបន្ទាប់ទៀត រហូតដល់សត្វកាចៗ លែងមានរំខានដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់វត្តភ្នំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅសង្កាត់វត្តភ្នំ សង្កាត់ស្រះចក និងសង្កាត់ផ្សារចាស់ ក្នុងទឹកដីខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាពកូនចៅតូចៗ ក៏ដូចជាសម្ភារនៅផ្ទះដោយអះអាងថា មួយរយៈពេលចុងក្រោយនេះ មានស្វាធំៗ និងកាចៗមួយចំនួន បានអុកឡុកដល់លំនៅឋានរស់នៅរបស់ពួកគាត់បង្កនូវការភ័យខ្លាចជាខ្លាំង ដោយសារតែស្វាមួយចំនួននោះ មានចរិតកាចអាចខាំ ឬបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋ។

ពលរដ្ឋដែលរស់នៅរំខានដោយសត្វស្វានោះ បានប្រាប់ថា ស្វាមួយចំនួនមានចរឹកកាច ដើរអុកឡុក តាមផ្ទះប្រជាពលរដ្ឋខ្លាំងណាស់។ ជាមួយគ្នានោះ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញចុះចាប់យកទៅអភិរក្ស ឬធ្វើយ៉ាងណាតាមជំនាញ ដោយសារមានក្មេងៗ កូនចៅពួកគាត់ធ្លាប់រងគ្រោះ ត្រូវស្វាកាចៗដេញខាំជាដើម។

ប្រជាពលរដ្ឋបន្តថា ពួកគាត់រស់នៅលែងហ៊ានបើកទ្វារ បង្អួច ដោយសារតែខ្លាចស្វាចូលក្នុងផ្ទះ បើផ្ទះណាមានកូនក្មេងតូចៗរឹតតែប្រយ័ត្នទ្វេដង ព្រោះកន្លងមក ធ្លាប់បើកទ្វារផ្ទះខាងមុខ ហើយស្វាចូលមកដេញខ្វាចកូនតូចផងដែរ ខ្វាចត្រូវមុខរហូតត្រូវយកក្មេងទៅមន្ទីរពេទ្យខណៈអីវ៉ាន់ទុកនៅរានហាលមុខផ្ទះ ក៏ត្រូវស្វាខាំពាំ ឬបំផ្លាញផងដែរ។

ចំណែកពលរដ្ឋផ្សេងទៀត នៅសង្កាត់វត្តភ្នំបានលើកឡើងថា ស្វាខ្លះកាចៗណាស់ ហើយបំផ្លាញអីវ៉ាន់តាមផ្ទះរបស់ពលរដ្ឋច្រើនដងមកហើយ ទើបពលរដ្ឋនៅសង្កាត់ទាំងពីរ ហាក់មានការភ័យខ្លាចខ្លាំងឡើងៗ។ ស្វាកាចៗនោះ មិនមានច្រើនទេ គឺមាន ៣ ឬ៤ក្បាលប៉ុណ្ណោះ ហើយបើហ៊ានហាលត្រីអីមុខផ្ទះ ឬមានផើងផ្កាអីវាបោចបាចខ្ទេចខ្ទី ចរិតកាច អត់ខ្លាចយើងជាមនុស្សទេ។ ស្វាកាចៗនោះមានច្រើន ហើយបើហ៊ានហាលត្រីអីមុខផ្ទះ ឬមានផើងផ្កាអី វាបោចបាចខ្ទេចខ្ទី ចរិតកាច អត់ខ្លាចយើងជាមនុស្សទេទៅជាយើងខ្លាចវាជាខ្លាំង។ អ៊ីចឹងសុំសូមពរដល់អាជ្ញាធរ មូលដ្ឋាននិងមន្រ្តីជំនាញជួយដល់ពលរដ្ឋលើបញ្ហានេះផងដែរ ដើម្បីសុវត្ថិភាពរស់ក្មេងៗតូចជាពិសេស៕