(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ាន ហើយនេះក៏ជាពេលត្រូវពង្រឹងអាស៊ានឡើងវិញផងដែរ។

ការឡើងរបស់សម្តេចតេជោ ហ៊ុន សែន ស្របពេលដែលកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ និងក៏ដោយសារសម្តេចមើលឃើញថា វិបត្តិនៅមីយ៉ាន់ម៉ា ដែលអូសបន្លាយជាង ១ឆ្នាំមកនេះ មិនទាន់មានតួអង្គអន្តរជាតិណាមួយដោះស្រាយបាន ខណៈសមាជិកអាស៊ានខ្លះ ហាក់បីដូចជាទុកប្រទេសនេះចោល។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីឆន្ទៈចង់អញ្ជើញ ឧត្តមសេនីយ៍ មីង អោងឡាំង (Min Aung Hlaing) ដែលកំពុងកាន់អំណាចដោយសាររដ្ឋប្រហារយោធា បានចូលរួមប្រជុំអាស៊ាន និងការចូលរួមប្រជុំពាក់ព័ន្ធនានាឡើងវិញ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនប្រៀបធៀប ប្រធានរដ្ឋបាលនៅទីក្រុងណៃពិដោរ គឺឯកឧត្តម មីង អោងឡាំង ដូចអាហ្វហ្កានីស្ថាន តាលីបង់ទេ ក៏ប៉ុន្តែជាសមាជិកគ្រួសារអាស៊ាន ត្រូវតែមានសិទ្ធិក្នុងការចូលរួមប្រជុំ។ អញ្ចឹងទុកឲ្យ ហ៊ុន សែន ធ្វើម្តង»

សម្តេចបន្តថា «យើងអត់សុំអ្វីឆ្ងាយ ក្រៅពីគោលការណ៍រួម របស់អាស៊ានទេ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ហើយកុំយករូបមន្តអង្គការសហប្រជាជាតិ មកដាក់ជារូបមន្តអាស៊ាន ព្រោះអត់ត្រូវទេ [...] នៅអង្គការសហប្រជាជាតិមានគណៈកម្មការពិនិត្យសាតាំង ឯអាស៊ានអត់មានទេ អញ្ចឹងបើហៅប្រជុំហៅមកទាំងអស់គ្នាមក បើថ្នាក់រដ្ឋមន្ត្រីហៅរដ្ឋមន្ត្រី បើ(ប្រជុំថ្នាក់ដឹកនាំ)កំពូល ត្រូវហៅអ្នកដឹកនាំកំពូល»

សម្តេចតេជោ ក៏បានរំលឹកប្រទេសសមាជិកអាស៊ាន មិនត្រូវដើរឱ្យហួសពីធម្មនុញ្ញអាស៊ាន ដោយទៅលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសសមាជិកនោះឡើយ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញសមាជិកអាស៊ានផ្សេងទៀត ទុកមីយ៉ាន់ម៉ាចោល ដោយសារមានការលើកឡើងថា មេដឹកនាំបច្ចុប្បន្នកើតឡើងដោយសាររដ្ឋប្រហារ ដែលជាអំពើមិនស្របច្បាប់ ដោយសម្តេចសំណូមពរសមាជិកអាស៊ាន មិនត្រូវដុតផ្ទះខ្លួនឯង ដើម្បីតម្រូវចិត្តអ្នកដទៃឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា «មីយ៉ាន់ម៉ា មិនដែលប្រកាសផ្តាច់ខ្លួនចេញពីអាស៊ាននោះទេ ឯក្នុងរដ្ឋធម្មនុញ្ញអាស៊ាន ក៏អត់មាននរណាមានសិទ្ធិដេញសមាជិកចេញដែរ។ [...] ពេលនេះជាពេលពង្រឹងអាស៊ានឡើងវិញ បើអាស៊ានមាន១០ ហើយពេលនេះមាន៩ ត្រូវរៀបចំឲ្យបាន ១០វិញ»

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានស្នើសមាជិកអាស៊ានផ្តល់ការគោរពគ្នា ផ្តល់តម្លៃឲ្យគ្នា និងលើកទឹកចិត្តគ្នា។ តាមរយៈឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលចងពង្រឹងអាស៊ាននេះ គឺសម្តេចអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកទស្សនកិច្ចកម្ពុជា និងមានគម្រោងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីជួបលោក មីង អោងឡាំង ជជែកគ្នាផងដែរ។

«បើមិនធ្វើការជាមួយ អ្នកកាន់អំណាចនៅមីយ៉ាន់ម៉ា តើទៅធ្វើជាមួយនរណា? អញ្ចឹងមិនចាំបាច់នរណាមកទិតៀនទេ កម្ពុជាចេះធ្វើការខ្លួនឯង។ លទ្ធភាពជាច្រើន ខ្ញុំនឹងទៅទស្សនកិច្ច នៅទីក្រុងណៃពិដោរ ដើម្បីជួបឧត្តមសេនីយ៍ មីង អោងឡាំង (Min Aung Hlaing) ធ្វើការជាមួយគាត់»។ នេះជាការបញ្ជាក់ របស់បិតាស្ថាបនិក សន្តិភាពកម្ពុជា។

ក្នុងនាមជាអ្នកធ្លាប់មានបទពិសោធន៍នាំសន្តិភាពទាំងស្រុង សម្រាប់កម្ពុជានោះ សម្តេចបន្តលើកឡើងថា កម្ពុជាសមាជិកថ្មីរបស់អាស៊ាន ប៉ុន្តែសមាជិកចាស់ មិនប្រាកដចាស់ទេ ព្រោះមានមេដឹកនាំថ្មី។ ដោយឡែកសមាជិកថ្មី មិនប្រាកដថ្មីនោះដែរ ព្រោះមានមេដឹកនាំចាស់។

សូមជម្រាបថា មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៉ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

មុនពេលកិច្ចប្រជុំកំពូលអាស៊ានចិន ក៏រដ្ឋាភិបាលចិន មានឆន្ទៈអញ្ជើញ លោក មីង អោងឡាំង អាចចូលរួមនៅក្នុងកិច្ចប្រជុំនេះបាន ក៏ប៉ុន្តែបំណងនេះត្រូវបានជំទាស់ដោយសមាជិកអាស៊ានមួយចំនួន។ សមាជិកអាស៊ាន ដែលជំទាស់នឹងបំណងចិននោះ រួមមាន ម៉ាឡេស៉ី, ឥណ្ឌូនេស៉ី, សិង្ហបុរី, និងប្រ៊ុយណេ ដែលជាសកម្មភាពទុកមីយ៉ាន់ម៉ាចោល៕