(កំពង់ធំ)៖ លោក កាទើ មូហាំម៉ាត់ណោស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានអញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំបឹង ក្នុងស្រុកាបារាយណ៍ ចំនួន៣០០នាក់ ព្រមទាំងបាននាំនូវអំណោយមនុស្សធម៌ជាឯកសណ្ឋានថ្វាយបង្គុំដល់ស្រ្តីមុស្លិម ៣០០កំផ្លេ និងអំពូលសូឡាបំភ្លឺតាមដងផ្លូវចំនួន១០ ជាអំណោយពីសប្បុរសជនម៉ាឡេស៊ី តាមរយៈលោក លី មូសា ប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជាសាខាស្រុកកោះសូទិន និងជាគណៈអ៉ីម៉ាំស្រុកកោះសូទិន។

លោក កាទើ មូហាំម៉ាត់ណោស្រ៊ី បាននាំនូ វការផ្ដាំផ្ញើសាកសួរសុខទុក និងក្តីនឹករលឹកពី លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

លោកក៏បានរំលេចអំពីគុណសម្បត្តិដ៏មហាសាល ដែលកើតចេញក្រោមការដឹកនាំបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានកោតសរសើរដល់ប្រជាពលរដ្ឋដែលជានិច្ចកាលតែងតែបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនោះ លោកក៏បានរំលេចផងដែរ ពីការគាំទ្រយ៉ាងពេញទំហឹងរបស់លោក ចំពោះការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយលោកបានស្ញប់ស្ញែងពីលក្ខណៈសម្បត្តិពេញលេញរបស់លោក ហ៊ុន ម៉ាណែត ទាំងចំណេះដឹង ទាំងសុជីវធម៌ថ្លៃថ្នូរ ចរិកលក្ខណៈជាមេដឹកនាំ ជាថ្នាក់ដឹកនាំវ័យក្មេងបន្តវេន ដែលមានភាពជាចាស់ទុំ និងជ្រៅជ្រះលើកិច្ចការការទូត វិស័យកងទ័ព និងនយោបាយទាំងក្នុង និងក្រៅប្រទេស។

ជាចុងក្រោយ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តរក្សា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដែលថ្មីៗនេះ ទោះបីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសឡើងវិញ ប៉ុន្តែមិនមែនមានន័យថា ប្រទេសជាតិបានរួចផុតពីការគ្រោះថ្នាក់ នៃជំងឺនេះនៅឡើយទេ ជាពិសេសការផ្ទុះឡើងមេរោគបំលែងថ្មី អូមីក្រុង ពីបណ្តាប្រទេសនៅអាហ្វ្រិក គឺជាសញ្ញាណមួយដែលជំរុញឲ្យយើងគ្រប់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្ន បន្តអនុវត្តគោលការណ៍៣កុំ និង៣ការពារ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ទោះបីប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងស្ទើទូទាំងប្រទេសហើយក្តី ព្រោះថាការប្រុងប្រយ័ត្នរួមគ្នា យើងនឹងបានសុខសុវត្ថិភាព និងជំនះបាននូវការរាលដាលជំងឺនេះក្នុងសហគមន៍ និងប្រទេស៕