(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) នៅឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រៃអំពក ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោកស្រី បណ្ឌិតបានជំរុញឱ្យថ្នាក់ដឹកនាំនៅមូលដ្ឋានបន្តខិតខំបម្រើប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីវិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

លោកស្រីបណ្ឌិត បានលើកឡើងពីការខិតខំរបស់រដ្ឋាភិបាលដែលពេលនេះស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្រាលយ៉ាងខ្លាំង ដោយមានអ្នកឆ្លងតិចតួចប៉ុណ្ណោះ ខណៈដែលរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង៨៨ភាគរយ នៃប្រជាជនសរុប១៦លាននាក់ ដែលអត្រាខ្ពស់បំផុតមួយនៅលេីពិភពលោក។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការបោះឆ្នោតសាកល្បងហើយ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានចុះពិនិត្យមើលសមិទ្ធផលមួយចំនួននៅក្នុងឃុំនេះ ក្នុងនោះមានរបង និងក្លោងទ្វារគណបក្សឃុំ និងសាលាឃុំផងដែរ៕