(ភ្នំពេញ)៖ លោក បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងបានថ្លែងថា ក្នុងគោលបំណងបង្កើតក្តីស្រឡាញ់ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មានកិច្ចការងារបីទៀត ដែលក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងកំពុងធ្វើ គឺការងារសង្គម ការងារមនុស្សធម៌ និងការងារវប្បធម៌ ប្រពៃណី សាសនា ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ ២០២២ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង លោកបានឱ្យដឹងថា ចំពោះការងារមនុស្សធម៌ទទួលបានការទំនុកបម្រុង និងឧបត្ថម្ភជាអំណោយពីលោក ស សុខា និងលោក ស្រី យកទៅជូនដល់ជនក្រីក្រ ជនចាស់ជរា កុមារកំព្រា និងជនពិការជាដើម។

ជាមួយគ្នានេះ ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានរៀបចំយន្តការ ការងារពង្រឹងការគ្រប់គ្រងរដ្ឋបាលក្រុមការងារអភិវឌ្ឍខេត្ត ក្រុង ស្រុក និងបានរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ផែនការថវិកា និងផែនការបីឆ្នាំរំកិល ដើម្បីធ្វើជាត្រីវិស័យក្នុងការបង្ហាញទិសសម្រាប់អនុវត្តការងារ។

លោកមានប្រសាសន៍បន្ថែមថា «យើងមានកិច្ចការងារបីដែលកំពុងធ្វើ គឺការអប់រំ សតិអារម្មណ៍ និងចាត់តាំង»។ លោកបន្ថែមថា ក្រុមការងារលើកទឹកចិត្តយុវជនសកម្ម ដោយផ្តល់នូវក្តីសង្ឃឹម និងកាលានុវត្តភាព តាមរយៈការប្រែក្លាយសុបិនយុវជនឱ្យក្លាយជាការពិត ដូចជាការប្រគល់តួនាទីសំខាន់ៗដល់យុវជនដែលមានស្នាដៃជាដើម។

ថ្លែងក្នុងពិធីបិទអង្គសន្និបាត លោក ស សុខា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងនិងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង មានប្រសាសន៍ថា ជ័យជម្នះក្នុងការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា គឺបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខឿនសន្តិភាពឱ្យកាន់តែរឹងមាំ និងថែរក្សាស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ចៀសផុតពីសង្រ្គាម។

សូមបញ្ជាក់ថា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានបង្កើតឡើងនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយដំបូងមានឈ្មោះថា ក្រុមការងារជួយសម្របសម្រួល គាំទ្រ និងឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង និងបាន ប្តូរឈ្មោះទៅជា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅឆ្នាំ ២០២០៕