(ព្រះសីហនុ)៖ បុរសជនជាតិវៀតណាមម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone​ ត្រូវបានជនសង្ស័យ២នាក់ ក្នុងនោះ​ម្នាក់ជាសិស្ស​សាលាថ្នាក់ទី១២ បានឆក់យកសម្ភារៈ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ​ឆ្នេរសមុទ្រអូរ​ត្រេះ​ ភូមិ៦​ សង្កាត់៤​ ក្រុងព្រះសីហនុ ប៉ុន្តែពួកគេទាំង២នាក់ ត្រូវបានកម្លាំង​នគរបាល​តាមបង្ក្រាប និងចាប់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព។

លោក កុល ផល្លី ស្នងការរង និងជាប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បានឲ្យដឹងថា «ក្រោយជនសង្ស័យចំនួន២នាក់​ធ្វើសកម្មភាពបានសម្រេច​​​ ភ្លាមៗ​នេះ​ត្រូវបាន​កម្លាំង​ជំនាញ​​ កម្លាំង​អធិការនគរបាលក្រុង​ និងប៉ុស្តិ៍រដ្ឋបាល​ទាំង៤​ ក្រោមបញ្ជាពីលោក​​ស្នងការ សហការគ្នាចាប់​ បង្ក្រាប​បានទាំងស្រុង​​តែម្តង»

លោក កុល ផល្លី បានបញ្ជាក់ថា ​ជនរងគ្រោះឈ្មោះ​ គីង​ ង្វៀង​មិន​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរបុគ្គលិកក្រុមហ៊ុន Metfone។ ដោយឡែក ជនសង្ស័យចំនួន២នាក់​ រួមមាន ទី១. ឈ្មោះ​ ឌុក​ សារ៉ាត់​ ហៅចិន​ ភេទប្រុស​ ​អាយុ១៨ឆ្នាំ​ មុខរបររៀនថ្នាក់ទី១២​ មានទីលំនៅភូមិ៣​ សង្កាត់៤​ ក្រុងព្រះសីហនុ​ និងទី២. ឈ្មោះ​ ​គីង​ ដែន​ ហៅញ៉ា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរកម្មករ​សំណង់​ មានទីលំនៅភូមិ៤​ សង្កាត់៤​ ​ក្រុងព្រះសីហនុ​ ។​

ក្រោយចាប់ខ្លួនកម្លាំងនគរបាលបានដកហូត ម៉ាស៊ីន​ថត​ ១គ្រឿង​​ (ផលអំពើចោរកម្ម​) និង​​ម៉ូតូ​ម៉ាក​សង់ឌ្រីម C125  សេរីឆ្នាំ២០១៥​ ចំនួន​ ១គ្រឿង​ (​មធ្យោបាយធ្វើសកម្មភាព​)។​

ករណីនេះ​ កម្លាំង​ជំនាញ​កំពុងបន្តនីតិវិធី​ កសាងសំណុំរឿង​បញ្ជូនទៅតុលាការ​​។ សម្រាប់សកម្មភាពបទ​ល្មើសឆក់នេះ ត្រូវបានស្នងការនគរបាលខេត្ត​ព្រះ​សីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បញ្ជាក់ថា «ពេញមួយបុណ្យចូលឆ្នាំកន្លងទៅនេះ គឺមិនមាននោះទេ ទើបតែយប់មិញ កើតមានមួយករណីក៏ត្រូវជាប់ខ្នោះតែម្តង»

ដោយឡែកនៅម៉ោង​៧៖០០នាទី​យប់មិញនេះដែរ មានករណីជនបរទេសម្នាក់បានស្លាប់​ នៅបន្ទប់ជួល​ ស្ថិតនៅក្នុង​ភូមិ១​ សង្កាត់៣​ ក្រុងព្រះសីហនុ​ ផងដែរ ដែលជនបរទេសរូបនេះមានឈ្មោះ​ SKOV DENNIS  ភេទប្រុស​ កើតថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ១៩៥៩​ ជនជាតិ​ដាណឺម៉ាក​ កាន់លិខិឆ្លងដែនលេខ​ ២០៦៧៥៨៧៣៥​ សពុលភាពថ្ងៃទី​​០១.០៧.២០១៦​ និងបានមកស្នាក់នៅតាំងពី​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣​ មកម្ល៉េះ។

បើតាមលោក កុល ផល្លី ឆ្លងតាមការធ្វើកោស​ល្យវិច្ឆ័យ​ របស់​ការិយាល័យ​​នគរបាល​បច្ចេកទេស​​វិទ្យាសាស្ត្រ​ និងលោក​វិជ្ជបណ្ឌិត​សាកសព​នេះ​​ស្លាប់​ដោយសារ​ ជំងឺ​គាំងបេះដូង​ (​ស្លាប់រយៈពេល៤ថ្ងៃ​ មុនការពិនិត្យ​ )​ ។​ សាកសពបានរក្សាទុកនៅ​ មន្ទីរ​ពេទ្យ​បង្អែកក្រុងខេត្តព្រះសីហនុ​ រង់ចាំ​ការសម្រេច​ពីស្ថានទូតរបស់សព៕